សៀមរាប ៖ កម្ពុជា អំពាវនាវ ឱ្យគ្រប់ប្រទេសទាំងអស់ចូលរួម បេសកកម្មពិភពលោកមួយ ដែលគ្មានមីន ដើម្បីកសាងពិភពលោកមួយ ដែលមានសុវត្ថិភាព និងសន្តិភាពជាងមុន។ នេះជាការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
នាឱកាស អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយគ្មានមីន នៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជា បានប្រែក្លាយប្រវត្តិសាស្ត្រ សោកនាដកម្មរបស់ខ្លួន ទៅជាមេរៀនដ៏មានអានុភាព មួយសម្រាប់ពិភពលោក ដោយបានតស៊ូមតិប្រឆាំង នឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស និងបង្ហាញពីផលវិបាករយៈពេលវែងរបស់មីន ។
សម្តេចបវរធិបតី បន្ដថា ទោះយ៉ាងណាក្តី ដំណើររបស់កម្ពុជា នៅវែងឆ្ងាយទៀត ហើយ កម្ពុជា នៅមានផ្ទៃដីមានគ្រាប់មីនជាង ១.៦០០ គីឡូម៉ែត្រក្រឡា ដែលបង្កផលប៉ះពាល់ ដល់ការរស់នៅ របស់ប្រជាជនប្រមាណ ១លាននាក់ ។
សម្តេចបវរធិបតី មានប្រសាសន៍ថា «យើងត្រូវបញ្ជាក់ឡើងវិញនូវការរួបរួមគ្នាក្រោម អនុសញ្ញាអូតាវ៉ា ដែលជាឯកសារដ៏សំខាន់រួម របស់មនុស្សជាតិ។ កម្ពុជាអំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់ ចូលរួមជាមួយយើងក្នុងបេសកកម្មនេះ ដើម្បីកសាងពិភពលោកមួយដែលមានសុវត្ថិភាព និងសន្តិភាពជាងមុន មិនមែនសម្រាប់តែបច្ចុប្បន្ននេះប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយៗទៀត»។
សូមរំលឹកថា មកទល់បច្ចុប្បន្ននេះ កម្ពុជា បានបំផ្លាញមីនប្រឆាំងមនុស្សជាង ១លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣ លានគ្រាប់។ កម្ពុជា ក៏បានបោសសម្អាតមីនលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្តចំនួន ១៥ ក្នុងចំណោម ២៥ ជារាជធានី-ខេត្តអស់មីន។ ចំនួនជនរងគ្រោះបានធ្លាក់ចុះពីមធ្យមជាង ៤.៣០០នាក់ ក្នុងមួយឆ្នាំក្នុងឆ្នាំ ១៩៩៦ មកតិចជាង ១០០នាក់ ក្នុងមួយឆ្នាំក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ៕