ព័ត៌មានជាតិ

អូស្ត្រាលី បន្តគាំទ្រ និងសហការជាមួយកម្ពុជា លើវិស័យបោសសម្អាតមីន

សៀមរាប ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៥ វិច្ឆិកា បានអនុញ្ញាតឱ្យគណៈប្រតិភូអូស្ត្រាលី ដឹកនាំដោយ លោក Kim Beazley AC ប្រធានក្រុមប្រឹក្សារំលឹកសង្គ្រាមអូស្ត្រាលី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី ចូលជួបសម្ដែងការគួរសម ខណៈអូស្ត្រាលី បន្តគាំទ្រ និងសហការជាមួយកម្ពុជា លើវិស័យបោសសម្អាតមីន។

ក្នុងឱកាសនៃជំនួប លោកប្រធានគណៈប្រតិភូបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានរៀបចំយ៉ាងល្អ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី “ពិភពលោកមួយដែលគ្មានមីន”។

លោកប្រធានគណៈប្រតិភូ បានគូសរំលេចអំពីទំនាក់ទំនង និងកិច្ចសហប្រតិការដ៏ល្អ និងដ៏យូរអង្វែង​ រវាងអូស្ត្រាលី-កម្ពុជាលើវិស័យជាច្រើន។ ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងវិស័យបោសសម្អាតមីន លោកបានគូសបញ្ជាក់ថា អូស្ត្រាលីនឹងគាំទ្រ និងសហប្រតិបត្តិការ ​ជាមួយកម្ពុជាបន្តទៀត។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្តែងនូវការស្វាគមន៍ និងអរគុណចំពោះឯកឧត្តមប្រធានគណៈប្រតិភូ និងគណៈប្រតិភូ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ ហើយវត្តមានរបស់គណៈប្រតិភូនាឱកាសនេះ ឆ្លុះបញ្ចាំងអំពីឆន្ទ: និងការប្តេជ្ញាចិត្តរបស់អូស្រ្តាលី ក្នុងការចូលរួមលុបបំបាត់មីនប្រឆាំងមនុស្ស។

សម្ដេចបវរធិបតី បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជា-អូស្ត្រាលី នៅលើវិស័យច្រើន ហើយសម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយគាំទ្រ កម្ពុជា និងបានចូលរួមក្នុងដំណើរការ នៃការស្វែងរកសន្ដិភាព និងការស្ដារប្រទេសឡើងវិញ ដែលការណ៍នេះជាការរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចនៅកម្ពុជា រហូតដល់សព្វថ្ងៃនេះ ៕

To Top