ព័ត៌មានជាតិ

ក្រុមការងារ​ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់​សៀម ខេត្តកំពង់ចាម ធ្វើវេទិកាសាធារណៈ ជាមួយពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់ នានា ក្នុងមូលដ្ឋាន

កំពង់ចាម ៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបើកវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីពង្រឹងការផ្តល់សេវា សាធារណៈ ជូនដល់ប្រជាពលរដ្ឋ និងពង្រឹងការដោះស្រាយបញ្ហា ផ្សេងទៀតនៅមូលដ្ឋាន។

វេទិកាសាធារណៈនេះ ធ្វើឡើងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីតាំងចំនួន៤កន្លែងផ្សេងគ្នា ស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមវត្តមាន របស់អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម, រួមនិងប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ, សមាជិកក្រុមប្រឹក្សាស្រុក, អភិបាលរងស្រុក, នាយករងរដ្ឋបាលស្រុក, មេឃុំ និងប្រជាពលរដ្ឋចូលរួម សរុបប្រមាណ១ពាន់នាក់។

វេទិកាសាធារណៈនេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយកម្មវិធី គោលនយោបាយរបស់រាជរដ្ឋាភិបាល ស្វែងយល់អំពីជីវភាពរស់នៅ និងផ្តល់ឱកាសជូនដល់ប្រជាពលរដ្ឋដែលមានកង្វល់ និងបញ្ហាផ្សេងៗនៅក្នុងភូមិ-ឃុំរបស់ខ្លួន ដោយអាចលើកឡើងនូវកង្វល់ សំណើ ក៏ដូចជាសំណូមពរ និងបញ្ហាប្រឈមទាំងអស់នោះ ព្រមទំាងកំណត់វិធានការដោះស្រាយ ឆ្លើយតបនូវតម្រូវការប្រជាពលរដ្ឋបានទាន់ពេលវេលា ។

តាមរយៈវេទិកាសាធារណៈនេះ បានបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺជាយន្ដការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងការចុះជួយតម្រង់ទិស គាំទ្រ លើកកម្ពស់ កែលម្អ និងជំរុញការផ្សារភ្ជាប់រវាងការអនុវត្ដយុទ្ធសាស្រ្ដ និងផែនការអភិវឌ្ឍន៍របស់ថ្នាក់ក្រោមជាតិតាមបណ្តាភូមិ ឃុំ និងស្រុក ទៅនឹងរបៀបវារៈនៃការអភិវឌ្ឍគោលនយោបាយ និងយុទ្ធសាស្រ្ដថ្នាក់ជាតិ ដើម្បីបន្ដលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ ការធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ ការបន្ដពង្រីកហេដ្ឋារចនាសម្ព័ន្ធគន្លឹះ និងការធានាឱ្យបាននូវសណ្ដាប់ធ្នាប់ សុខសន្ដិភាព និងសុវត្ថិភាព ព្រមទាំងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលបានកើតឡើងនៅមូលដ្ឋានផ្ទាល់។

ក្នុងអង្គវេទិកាសាធារណៈនេះដែរ ក៏មានប្រជាពលរដ្ឋ បានលើកឡើងនូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមមួយចំនួនដែលជាតម្រូវការចាំបាច់ក្នុងភូមិ-ឃុំ ដើម្បីជំរុញការអភិវឌ្ឍ ក្នុងមូលដ្ឋាន លើកកម្ពស់ការផ្តល់ សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានាឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

តាមរយៈវេទិកាសាធារណៈនេះដែរ អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បានណែនាំក្រុមការងារចុះពង្រឹងតាមមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តពង្រឹង ការផ្តល់នូវសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឱ្យបានខ្ជាប់ខ្ជួន និងបន្តស្តាប់នូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងបន្តពង្រឹងសន្តិសុខ សុវត្ថិភាព តាមរយៈការអនុវត្តគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព និងពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋាន ជាពិសេសត្រូវចុះពិនិត្យ និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ៕

To Top