ព័ត៌មានជាតិ

ប្រធានរដ្ឋសភាកម្ពុជា អំពាវនាវ ឱ្យមានការបញ្ឈប់ នូវជម្លោះហិង្សា ដែលកើតមាន ចំពោះសហគមន៍ ក៏ដូចជាសង្គ្រាម

ភ្នំពេញ ៖ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអំពាវនាវឱ្យមានការបញ្ឈប់ នូវជម្លោះហិង្សា ដែលកើតមាន ចំពោះសហគមន៍ក៏ដូចជាសង្គ្រាម ដែលកើតមានរវាងសហគមន៍ និងសហគមន៍ ។

សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធាន សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា អាយភីធីភី (IPTP) ក្រោមមូលបទ «ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន» នៅរាជធានីភ្នំពេញ ដែលសភា កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងពិធីបិទសម័យប្រជុំនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអំពាវនាវ ឱ្យមានការបញ្ឈប់នូវជម្លោះហិង្សា ដែលកើតមានចំពោះសហគមន៍ ក៏ដូចជា សង្គ្រាមដែលកើតមាន រវាងសហគមន៍ និងសហគមន៍ ដោយសម្តេចបានគូសបញ្ជាក់ថា សាររបស់យើង គឺមានភាពច្បាស់លាស់ណាស់ថា នៅពេលដែលយើងមករួមគ្នាដើម្បីត្រួសត្រាយ ដើម្បីឱ្យមានដំណោះ ស្រាយប្រកបដោយសន្តិវិធីដែលប្រជាជាតិទាំងឡាយជ្រើសរើសយកសន្តិភាព ចៀសជាងជម្លោះ ការ ទូតចៀសជាងវិវាទ ការយោគយល់ និងការអត់ឱនជាគោល ។

សម្តេចប្រធានរដ្ឋសភាបានបន្តថា៖” យើងអំពាវនាវសូមឱ្យមានសន្តិភាព ជាសន្តិភាពដ៏យូរអង្វែង ដើម្បីអាចផ្តល់សន្តិសុខ សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមចំពោះប្រជាជននៅគ្រប់ទិសទី។ រឿង របស់កម្ពុជា បានស្តែងឱ្យឃើញថា យើងអាចសម្រេចបាននូវសន្តិភាព គឺតាមរយៈកិច្ចសន្ទនា និងតាម យុទ្ធសាស្ត្រឈ្នះ ឈ្នះ តែប៉ុណ្ណោះ ។ គោលនយយបាយឈ្នះ ឈ្នះ របស់សម្តេច អគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា គឺបាននាំឱ្យយើងអាចកសាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំនូវសន្តិភាព ដ៏យូរអង្វែងក្នុងប្រទេសកម្ពុជា ដោយបច្ចុប្បន្នកម្ពុជា គឺកំពុងស្ថិតនៅក្នុងផ្លូវចាកចេញ ពីប្រទេសមិនសូវមានការអភិវឌ្ឍត្រឹមឆ្នាំ២០២៩ ដោយយើងកំពុងព្យាយាមឈាន ទៅសម្រេចបានគោលដៅរបស់យើង ដើម្បីក្លាយជាប្រទេសមានចំណូល ខ្ពស់ត្រឹមឆ្នាំ២០៥០” ។

សម្តេចប្រធានរដ្ឋសភា បានសម្តែងការជឿជាក់ថា ក្រោមភាពជាអ្នកដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា កម្ពុជានឹងបន្តឈាន ទៅទទួលបានជោគជ័យ កាន់តែធំធេងបន្ថែមទៀត ដែលនេះគឺជាសាច់រឿង របស់ប្រទេសកម្ពុជា ជាសាច់រឿងមួយដែលបង្ហាញឱ្យឃើញថា កាលណាមិនមានសន្តិភាព យូរអង្វែងទេ គឺយើងមិនអាចឈានមកដល់អ្វី ដែលយើងអាចសម្រេចបាននាពេលនេះនោះទេ ក៏ដូចជាមិនអាចសម្លឹង ទៅរកអនាគតប្រកបដោយភាពចម្រុង ចម្រើនរុងរឿងបានដែរ។
ក្នុងនាមជាប្រធានសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា អាយភីធីភី (IPTP) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវមោទនភាព ចំពោះកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ នៅក្នុងការលើក កម្ពស់សន្តិភាព ភាពអត់ឱន ដែលជាគុណតម្លៃ និងជាការប្រកាន់ខ្ជាប់របស់កម្ពុជា នៅក្នុងវិថីឆ្ពោះទៅ សន្តិភាព និងវិបុលភាព ៕

To Top