ព័ត៌មានជាតិ

លោកបណ្ឌិត ឡី​ សុភាព៖ ការចាប់កំណើត នៃសមាគមសម្ព័ន្ធភាពកសិកម្ម ជលផល ធនធានទឹក និងបរិស្ថានកម្ពុជា គឺស្របនឹងទស្សនវិស័យ របស់រាជរដ្ឋាភិបាលនីតិកាលទី៧

ភ្នំពេញ៖ លោកឧកញ៉ាសាស្ត្រាចារ្យសមូលហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហពន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសម្ព័ន្ធភាពកសិកម្ម ជលផល ធនធានទឹក និងបរិស្ថានកម្ពុជា បានគូសបញ្ជាក់ថា ការចាប់កំណើត លេចចេញជារូបរៀងសមាគមសម្ពន្ធ័ភាពកសិកម្ម ជលផល ធនធានទឹក និងបរិស្ថានកម្ពុជា គឺស្របនឹងទស្សនវិស័យ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។

នេះជាការលើកឡើងរបស់លោកបណ្ឌិត ឡី​ សុភាព ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែង ប្រធាន អនុប្រធាន អគ្គលេខាធិកា អគ្គលេខាធិការង សមាជិកសមាគម សម្ព័ន្ធភាពកសិកម្ម ជលផល ធនធានទឹក និងបរិស្ថានកម្ពុជា កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ។

ថ្លែងក្នុងឱកាសខាងលើនេះ លោកឧកញ៉ាសាស្ត្រាចារ្យ សមូលហកបណ្ឌិត ឡី សុភាព បានណែនាំឱ្យក្រុមប្រឹក្សាភិបាល សមាគមរៀបចំបទបញ្ជាផ្ទៃក្នុងឱ្យចេញក្នុងរយៈពេល១ខែ បន្ទាប់មកធ្វើផែនការចាត់តាំង បែងចែកភារកិច្ច និងការទទួលខុសត្រូវ ក៏ដូចជាការដឹកនាំ ការងារបណ្តុះបណ្តាល ចំណេះជំនាញ ក៏ដូចជារបៀបរបការងារ ដើម្បីឆ្លើយតប និងស្ថានការជាក់ស្តែង។​ និងបានណែនាំបន្ថែម ឱ្យសមាជិកសមាជិកាទាំង៦០រូប ត្រូវរៀបឱ្យទៅជាក្រុមការងារ កសិពាណិជ្ជកម្ម ទៅតាមផ្នែកនិមួយៗចំតែម្តង ជាមួយកាទទូលខុសត្រូវច្បាស់លាស់ ទៅតាមតួនាទីភារកិច្ច ហើយត្រូវធ្វើតាមរបៀបរបបការងារ ដោយមានចំណេះជំនាញពិតប្រាកដ ។

ក្នុងនោះលោកបណ្ឌិត ឡី សុភាព បានគូសបញ្ជាក់ថា “ការចាប់កំណើត លេចចេញជារូបរៀង​ នៃសមាគមសម្ពន្ធ័ភាពកសិកម្ម ជលផល ធនធានទឹក និងបរិស្ថានកម្ពុជា គឺស្របនិងទស្សនវិស័យ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងដែលមាន ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ក្រសួងបរិស្ថាន និងធនាធានទឹក ជាសេនាធិការ ចំណុះឱ្យរាជរដ្ឋាភិបាល ក្នុងការជម្រុញ និងលើកស្ទួយ វិស័យកសិកម្ម ការដាំដុះ ការធ្វើវារីវប្បកម្មចិញ្ចឹមសត្វ ឬការធ្វើកសិកម្មវ័យឆ្លាត ធននិងអាកាសធាតុ តាមរយៈការបណ្តុះបណ្តាល ដល់កសិករ ផ្ទាល់តែម្តង”

ជាមួយគ្នានេះ លោកបណ្ឌិត ឡី សុភាព បានបញ្ជាក់បន្ថែមថា ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើក ស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ; និងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ ក៏ជាចំណុចសំខាន់នៃគោលបំណងរបស់សមាគម ក្នុងការអនុវត្តឱ្យស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលផងដែរ ។

គួរឱ្យដឹងថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម ដោយបន្តពង្រឹងសហគមន៍កសិកម្ម និងធ្វើទំនើបកម្មឱ្យកាន់តែប្រសើរឡើង ដើម្បីធានាឱ្យបាននូវការបែងចែកផ្លែផ្កាសេដ្ឋកិច្ចដោយសមធម៌ ។ រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ កាលពីថ្ងៃទី២៤ សីហា ២០២៣ ដោយកម្មវិធីគោលនយោបាយអាទិភាពទី៦ គឺរៀបចំអភិវឌ្ឍសហគមន៍កសិកម្មទំនើប និងបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២០ វិច្ឆិកា ២០២៣ ។ គោលនយោបាយអាទិភាពនេះ មានគោលដៅក្នុងការប្រែក្លាយកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជា សហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព ។

សូមបញ្ជាក់ថា សមាគមសម្ពន្ធ័ភាព កសិកម្ម ជលផល ធនធានទឹក និងបរិស្ថានកម្ពុជា មានរចនាសម្ព័ន្ធ ជាក្រុមប្រឹក្សាភិបាល គណៈកម្មការត្រួតពិនិត្យ សមាសភាព គណកម្មធិការកសិពាណិជ្ជកម្មថ្នាក់កណ្តាល សមាសភាព គណកម្មការប្រតិបត្តិទីប្រឹក្សា និងជំនួយការ រួមនិងសមាជិកសមាជិកា សមាគមប្រមាណ៦០នាក់ផ្សេងទៀត។

សមាគមថ្មីនេះ មានភារកិច្ចលើកស្ទួយការអភិវឌ្ឍន៍ចំណេះដឹង វិជ្ជាជីវៈ វិស័យកសិកម្មនៅកម្ពុជា ឱ្យរីកចំរើន ពង្រីកសមាជិក និងជម្រុញឱ្យមានការចូលរួម វិនិយោគ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពង្រឹងសមត្ថភាព វិជ្ជាជីវៈ ដល់សមជិកសមាជិកា ឱ្យក្លាយជាធនធានមនុស្ស ដ៏ប្រសើរ និងការពារផលប្រយោជន៍ និងភាពស្របច្បាប់ របស់សមាជិក សមាជិកា វិនិយោគិន ទាំងរូបវន្ត័បុគ្គល និងនិតិបុគ្គល ព្រមទាំងធ្វើសកម្មភាព គៀរគរ វិនិយោគិនជាតិ និងអន្តរជាតិ ឱ្យចូលរួមវិនិយោគ លើវិស័យកសិកម្ម នៅកម្ពុជាឱ្យបានផុលផុស និងខ្លាំងក្លា ពិសេសគោរពតាមច្បាប់ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់សមាគម និងឯកសារគតិយុត្តិផ្សេងៗ របស់រារដ្ឋាភិបាលកម្ពុជា និងការរួបរួមសាមគ្គីជាកម្លាំងធំ ដើម្បីអភិវឌ្ឍន៍នានា បំរើប្រយោជប្រជាពលរដ្ឋ៕

To Top