ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, កម្មវិធីគោលនយោបាយអាទិភាព៦ចំណុច និងវិធានការគន្លឹះ ទាំង៥ចំណុច ដែលបានដាក់ចេញដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី ប្រកបដោយឧត្តមគតិ និង ការប្តេជ្ញាចិត្តយ៉ាងមោះមុត គឺជានិមិត្តរូប នៃការចាប់ផ្តើមទំព័រកម្ពុជាសហសម័យ ដើម្បីតម្រង់ទិស ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាអារ្យប្រទេស។ ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងលំនៅឋាន ក្រសួងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេច ប្រមុខរាជរដ្ឋាភិបាល លើកម្មវិធីការងារចំនួន ១៥ចំណុច។
គួរឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសម្រេចបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឆ្នាំ១៩៩៩ ដោយបានប្រមូលផ្តុំធនធាន និងមន្ត្រីជំនាញពីមន្ទីររៀបចំក្រុង ភ្នំពេញ, ពីនាយកដ្ឋានសុរិយោដី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, នាយកដ្ឋានសំណង់នៃក្រសួងសាធារណការនិងដឹកជញ្ជូន និងនាយកដ្ឋានភូមិសាស្ត្រ នៃខុទ្ទកាល័យក្រុមប្រឹក្សារដ្ឋមន្ត្រី។
ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម លើការសិក្សារៀបចំគោលនយោបាយ ច្បាប់ និង បទប្បញ្ញត្តិបច្ចេកទេស និង លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា លើការតម្រង់ទិសក្នុងការអនុវត្ត ការងារជាយុទ្ធសាស្ត្រ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានចូលរួមដឹកនាំ និងបានកសាងមូលដ្ឋានរឹងមាំ សម្រាប់ការងារគ្រប់គ្រងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងលំនៅឋាន ដោយកសាងបាននូវធនធានមនុស្ស ដែលមានសមត្ថភាព និងជំនាញវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព។
នៅដើមអាណត្តិទី៧ នេះ ក្រសួងបានបន្តពូនជ្រំ និងបន្តនិរន្តរភាពការងារ និងដំណើរការស្ថាប័នជារួម ដោយបានពង្រឹងស្មារតីសតិអារម្មណ៍ ឈរលើគោលការណ៍សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដែលជាកត្តា គន្លឹះដើម្បីធានានិរន្តរភាពការងារ ដំណើរការស្ថាប័ន កសាងជំនឿ និងទំនុកចិត្តលើការដឹកនាំ ដែលត្រូវបានចាត់ទុកជា “ការរៀបចំផ្ទះសម្បែងឱ្យរៀបរយ” ដែលត្រូវយកជ័យជម្នះឱ្យខាងតែបាន៕