សៀមរាប៖ អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍កម្ពុជា (AHF) នឹងរៀបចំព្រឹត្តិការណ៍រំលឹក ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខមហាសណ្ឋាគាររ៉ាហ្វែលអង្គរសៀមរាប ខេត្តសៀមរាប ដើម្បីលើកកម្ពស់ការយល់ដឹងនិងក្រើនរំលឹកថា «ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ នៅមិនទាន់បញ្ចប់នៅឡើយទេ»។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-27_12-23-42-1024x682.jpg)
ព្រឹត្តិការណ៍នេះមានគោលបំណង លើកកម្ពស់ការយល់ដឹង លើកកម្ពស់ការបង្ការការឆ្លងមេរោគអេដស៍ ការធ្វើតេស្តរកមេរោគអេដស៍ ការព្យាបាល និងគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ ដោយសារមេរោគអេដស៍/ជំងឺអេដស៍ នៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-27_12-23-40-1024x682.jpg)
ព្រឹត្តិការណ៍នេះមានការចូលរួមពីលោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោក ស្រេង ហេង អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធនឺងជំងឺអេដស៍ លោកស្រី Terri Ford, នាយកផ្នែកតស៊ូមតិ និងគោលនយោបាយសកល អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍និងថ្នាក់ដឹកនាំពាក់ព័ន្ធសិស្សានុសិស្ស អ្នកតស៊ូមតិ ព្រមទាំងអ្នកស្ម័គ្រចិត្ត តំណាងអ្នករស់នៅជាមួយមេរោគអេដស៍ និងប្រជាជនគន្លឹះជាច្រើនទៀត។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-27_12-23-39-1024x682.jpg)
ព្រឹត្តិការណ៍នេះនឹងរួមបញ្ចូល ទាំងការប្រកួតគូររូប ក្រោមប្រធានបទ “សុខមាលភាពក្នុងជីវិត” ដោយមានការចូលរួមដោយតំណាង រាជរដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ រួមគ្នារួបរួមសំឡេងដ៏រឹងមាំមួយសម្រាប់ បន្តការតស៊ូប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ ដើម្បីជួយសង្គ្រោះជីវិតមនុស្សទូទាំងពិភពលោក។ ទោះបីជាមានការអភិវឌ្ឍន៍ជាច្រើនទសវត្សរ៍ក៏ដោយ បើយោងតាមអង្គការUNAIDSបានឲ្យដឹងថា៖ ប្រជាជនប្រហែល៤០លាននាក់ នៅទូទាំងពិភពលោកកំពុងរស់នៅជាមួយមេរោគអេដស៍ ដែលជាងពាក់កណ្តាលនៃពួកគេជាស្ត្រី និងកុមារីស្របនឹងតាមរបាយការណ៍ ការឆ្លងថ្មីប្រមាណ ១.៣ លាននាក់ជារៀងរាល់ឆ្នាំ។ ការមាក់ងាយ និងការរើសអើងបានបន្តរារាំងបុគ្គល ពីការស្វែងរកការថែទាំចាំបាច់ ហើយប្រជាជនគន្លឹះជាច្រើនកំពុងប្រឈមមុខនឹង ឧបសគ្គដ៏ច្រើនក្នុងការទទួលបានការព្យាបាល។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-27_12-23-37-1024x682.jpg)
ព្រឹត្តិការណ៍ទិវាពិភពលោកប្រយុទ្ធនឹង ជំងឺអេដស៍នឹងផ្តោតលើ បញ្ហាប្រឈមទាំងនេះ ដោយសង្កត់ធ្ងន់លើតម្រូវការ ដើម្បីកំណត់ការឆ្លើយតបទៅនឹង មេរោគអេដស៍/ជំងឺអេដស៍ ដែលជាអាទិភាពលើរបៀបវារៈ សុខភាពសាធារណៈថ្នាក់ជាតិ និងពិភពលោក។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-27_12-23-36-1024x682.jpg)
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិ ថែទាំសុខភាពអ្នកជំងឺអេដស៍ មានប្រសាសន៍ថា«ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍នៅតំបន់អាស៊ី គឺស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ ។ ទោះបីជាទទួលបានជោគជ័យពីមុនក៏ដោយ ការកើនឡើងនៃការឆ្លងមេរោគអេដស៍ថ្មី ក្នុងចំណោមប្រជាជនគន្លឹះ មានន័យថាយើងមិនទាន់ពេញចិត្តនៅឡើយ។ រដ្ឋាភិបាលត្រូវតែផ្តល់អាទិភាពដល់ ការបង្ការ ការព្យាបាល និងសេវាថែទាំមេរោគអេដស៍ ដោយធានាថាពុំមាននរណាម្នាក់ ត្រូវមើលរំលងឡើយ»។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-27_12-23-35-1024x682.jpg)
លោកវេជ្ជបណ្ឌិត បានបន្តថា« នៅពេលយើងប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍នេះ យើងទទួលស្គាល់ថា «ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ មិនទាន់បញ្ចប់ទេ» ហើយយើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត របស់យើងក្នុងការបញ្ចប់ជំងឺអេដស៍ ដោយការលើកកម្ពស់គោលនយោបាយរួមគ្នា និងធានាឱ្យមានលទ្ធភាពទទួលបានការធ្វើតេស្ត និងការព្យាបាលសម្រាប់ប្រជាជនគ្រប់រូប»។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-27_12-23-33-1024x682.jpg)
លោកវេជ្ជបណ្ឌិតបា នបន្តទៀតថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ ដើរតួជាវេទិកាដ៏សំខាន់មួយសម្រាប់ អ្នកតស៊ូមតិចំពោះមេរោគអេដស៍/ជំងឺអេដស៍ ដើម្បីទទួលស្គាល់វឌ្ឍនភាពដែលបានទទួល ចងចាំរំលឹកដល់អ្នកដែលបាន បាត់បង់ជីវិតទាក់ទងនឹងជំងឺអេដស៍ និងអ្នកដែលបន្តការប្រយុទ្ធ និងអំពាវនាវឱ្យរដ្ឋាភិបាលទូទាំងពិភពលោក ប្តេជ្ញាផ្តល់ធនធានចាំបាច់ និងការគាំទ្រផ្នែកនយោបាយ ដើម្បីបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍។ ទិវាពិភពលោកប្រយុទ្ធនឹង ជំងឺអេដស៍នេះត្រូវបានក្រើនរំលឹកថា «ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ មិនទាន់បញ្ចប់ទេ»។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-27_12-23-32-1024x682.jpg)
គួរបញ្ជាក់ថាអង្គការមូលនិធិថែ ទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការមិនរកប្រាក់កម្រៃជាសាកល ដែលផ្តល់សេវាមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ និងការតស៊ូមតិដល់មនុស្សជាង ២លាននាក់ក្នុង ៤៨ ប្រទេសទូទាំងពិភពលោកក្នុងទ្វីបអាហ្រ្វិក អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្នយើងគឺជាអ្នកផ្តល់សេវាថែទាំ សុខភាពអេដស៍/ជំងឺអេដស៍ដ៏ធំបំផុត ដែលមិនស្វែងរកប្រាក់ចំណេញនៅក្នុងពិភពលោក ៕
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-27_12-23-30-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)