ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អ្នកតាមដានស្ថានការណ៍ នយោបាយមួយរូបនៅកម្ពុជា បានបង្ហាញការ យល់ឃើញថា សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ឲ្យមេដឹកនាំគ្រប់លំដាប់ថា្នក់របស់វៀតណាមបន្តយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរក្រោមរស់នៅភាគខាងត្បូងវៀតណាម គឺជាសារនយោបាយ ដែលផ្ដល់នូវភាពកក់ក្ដៅចំពោះបងប្អូនខ្មែរកម្ពុជា ក្រោម បន្ថែមពីលើការដង្ហែរអង្គកឋិនទានទៅទឹកដីខ្មែរក្រោមកាលពីពេលថ្មីៗនេះ ។
ក្នុងជំនួបជាមួយប្រធានរដ្ឋសភាវៀតណាមលោកជិន ថាញ់មិន (Tran Tranh Man) កាលពីសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគ្រាលោកបំពេញទស្សនកិច្ចនៅកម្ពុជា សម្តេចតេជោ បានកត់សម្គាល់ឃើញ ការយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនខ្មែរក្រោមដែលគោរព និងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបទបញ្ញត្តិនានា របស់អាជ្ញាធរវៀតណាម។ សម្តេចក៏បានស្នើឲ្យអាជ្ញាធរ វៀតណាមគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់ខ្មែរក្រោម ដែលកំពុងរស់នៅវៀតណាមផងដែរ ។
ចំពោះខ្លឹមសារនេះ លោកបណ្ឌិត យង់ ពៅលើកឡើងថា នេះគឺជាការយកចិត្តទុកដាក់បន្ថែមទៀតចំពោះការគោរពប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌របស់បងប្អូនខ្មែរកម្ពុជាក្រោម ពីលើការរៀបចំអង្គកឋិនទានជាលើកទីមួយរបស់ថ្នាក់ដឹកនាំកម្ពុជាទៅកាន់វត្តស្ថិតនៅក្នុងដែនដីកម្ពុជាក្រោម កាលពីដើមខែវិច្ឆិកា នាពេលកន្លងទៅនេះ។
លោកគូសបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នា ថ្ងៃ២៧ វិច្ឆិកាថា “ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់ថ្នាក់ដឹកនាំវៀតណាម ដែលអញ្ជើញមកបំពេញ ទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺជាសារនយោបាយដែលផ្ដល់នូវភាពកក់ក្ដៅចំពោះបងប្អូនខ្មែរកម្ពុជាក្រោម ដែលបច្ចុប្បន្នកំពុងរស់នៅភាគខាងត្បូងប្រទេសវៀតណាមថា មេដឹកនាំខ្មែរពិតជាមានសមានចិត្ត និងនឹករឭក ក៏ដូចជាមានទឹកចិត្តស្រលាញ់បងប្អូនជាជាតិ សាសន៍ខ្មែរទាំងអស់នៅគ្រប់ទិសទីនៅលើពិភពលោក”។
លោកថា ការយកចិត្តទុកដាក់ ចំពោះពលរដ្ឋរបស់ខ្លួន នៅឯបរទេស គឺជាកាតព្វកិច្ចរបស់មេដឹកនាំនិងរដ្ឋាភិបាល នៃប្រទេសនីមួយៗ ហើយការជំរុញទំនាក់ទំនងនិង កិច្ចសហប្រតិបត្តិការក្នុងភាព ជាដៃគូល្អជាមួយបណ្ដាប្រទេសដែលពលរដ្ឋ ឬជាតិសាសន៍ខ្លួន រស់នៅ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងគាំពារនិងគាំទ្រពលរដ្ឋទាំងនោះ។
លោកបណ្ឌិត យង់ ពៅបន្តទៀតថា ប្រសាសន៍ផ្ដាំផ្ញើរបស់សម្ដេចតេជោ ទៅកាន់មេដឹកនាំវៀតណាមក៏បានបង្ហាញផងដែរពីស្មារតីស្រលាញ់ជាតិសាសន៍ខ្មែរដូចគ្នា ដែលបេះដូងពោរពេញ ទៅដោយការគិតគូរអំពីសុខ ទុក្ខ និងការរស់នៅ របស់ជនជាតិខ្មែរគ្រប់រូប នៅតែបន្តមាននៅក្នុងសន្ដានចិត្តរបស់មេដឹកនាំខ្មែរនាសម័យទំនើប។
ហេតុនេះ គួរតែដល់ពេលហើយដែលខ្មែរត្រូវរួបរួមគ្នាជាធ្លុងតែមួយ មានស្មារតីនិងមនសិកាស្នេហាជាតិយ៉ាងពិតប្រាកដ ហ៊ានបូជានិងលះបង់ផលប្រយោជន៍សួនតួរបស់ខ្លួននិងក្រុមខ្លួន ដើម្បីឧត្ដមប្រយោជន៍ប្រជាជាតិខ្មែរ ជាជាងការបំផុសបំផុល ញុះញង់ និងបំភ្លៃរឿងហេតុឬបង្កើតព្រឹត្តិការណ៍ណាមួយ ដែលនាំទៅដល់ការបែកបាក់ជាតិ ឬបង្កទៅជាអសន្តិសុខនិងភាពគ្មានសណ្ដាប់ធ្នាប់ ដែលរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ។ នេះជាប្រសាសន៍បន្ថែមរបស់លោកបណ្ឌិត៕