ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ឆ្លើយតបថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងធ្វើចប់ជាស្ថាពរ តាមការគ្រោងទុក

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឆ្លើយតបសារព័ត៌មានបរទេសមួយចំនួនថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងធ្វើចប់ជាស្ថាពរ តាមការគ្រោងទុក ឬមុនការគ្រោងទុក ខណៈគម្រោងនេះ កំពុងដំណើរការសាងសង់ធម្មតា។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បន្ទាប់ពីមានសារព័ត៌មានបរទេសមួយចំនួន បានចេញផ្សាយខុសទាំងស្រុង ទៅលើគម្រោងព្រែកជីកហ្វូណនតេជោ។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា «ខ្ញុំសូមជម្រាបថា ព្រែកជីកហ្វូណន នឹងធ្វើចប់ជាស្ថាពរ តាមការគ្រោងទុក ឬមុនការគ្រោងទុក»។

ពាក់ព័ន្ធទៅនឹង គម្រោងព្រែកជីកហ្វូណនតេជោ នេះដែរ បើតាម លោកឧបនាយករដ្ឋមន្ដ្រី មកដល់ម៉ោងនេះ មិនទាន់មានការប៉ះពាល់ដីធ្លីប្រជាពលរដ្ឋឡើយ ដោយសាររាជរដ្ឋាភិបាលចាំទឹកស្រក ដើម្បីចុះទៅបោះនិយាមការឲ្យបានត្រឹមត្រូវ នៅពេលបោះនិយាមការរួច ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើដំណើរតាមក្រោយ ទៅពិនិត្យឲ្យបានច្បាស់លាស់ ដើម្បីផ្តល់សំណងជូនប្រជាពលរដ្ឋ។

លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ទៀថា «យើងជួលក្រុមហ៊ុនឯកជនមួយទៀត ទៅធ្វើការ មើលការប៉ះពាល់ឲ្យច្បាស់។ សូម្បីតែដើមឈើក៏រាប់បញ្ចូលដែរ ក្នុងការសងសំណង។ យើងបានធ្វើរហូតប៉ុន្តែមិនទាន់ដល់ពេល តែនៅពេលដែលដោះស្រាយហើយ យើងនឹងចាប់ដំណើរការ ហើយការបើកការដ្ឋាន គឺជាការបោះជំហានទី១»។

សូមរំលឹកថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ព្រែកជីកហ្វូណនតេជោ ត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែង ១៨០គីឡូម៉ែត្រ មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង។ គម្រោងនេះ នឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅ ក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវ ហូរចេញទៅសមុទ្របានប្រកបដោយប្រសិទ្ធភាពខ្ពស់។

គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុង អំឡុងឆ្នាំ២០២៨ ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លានដុល្លារ ក្នុងនោះទុនវិនិយោគរបស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក មានចំនួន ៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) មានចំនួន ៤៩% ដោយការវិនិយោគនេះនឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕

To Top