ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ ជំងឺមិនឆ្លងបណ្តាល មកពីកត្តា ហានិភ័យចម្បង៤យ៉ាង

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាលបានលើកឡើងថា ជំងឺមិនឆ្លងបណ្តាល មកពីកត្តាហានិភ័យ ចម្បង៤យ៉ាង គឺរបបអាហារមិនមានសុខភាព កង្វះសកម្មភាពរាងកាយ ការប្រើប្រាស់ផលិតផលថ្នាំជក់ និងការប្រើប្រាស់ផលិតផលគ្រឿង ស្រវឹងប្រកបដោយគ្រោះថ្នាក់ ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលា ផ្សព្វផ្សាយការអប់រំសុខភាព ចៀសវាងកត្តាហានិភ័យ នៃជំងឺមិនឆ្លងនាថ្ងៃ២៧ វិច្ឆិកាសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងពីកត្តាស្រា ក្នុងចំណោមទាំង៤យ៉ាង ដែលបណ្តាលឲ្យមានជំងឺ មិនឆ្លងថា ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង គឺមិនមានកម្រិត សុវត្ថិភាពនោះទេ ហើយប្រើប្រាស់ផលិតផលគ្រឿងស្រវឹងកាន់តែច្រើន បង្កហានិភ័យ ដល់សុខភាពកាន់តែច្រើន។

លោករដ្ឋមន្រ្តីបន្តថា ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង បង្កឲ្យមានបញ្ហាសុខភាពនិងជំងឺច្រើនជាង ២០០ប្រភេទ ជាអាទិ៍ ជំងឺក្រិនថ្លើម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ។ ការប្រើប្រាស់គ្រឿងស្រវឹង ប៉ះពាល់ដល់ការ លូតលាស់ខួរក្បាល របស់យុវវ័យ បណ្ដាលឲ្យញៀន និងបង្កបញ្ហាសុខភាពផ្លូវចិត្តដូចជា ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ជាដើម ។

លោកសាស្រា្តចារ្យក៏បានគូសរំលេចដែរថា លើសពីនេះ ការប្រើប្រាស់គ្រឿងស្រវឹងបានប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម ជំរុញឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សាបុគ្គល គ្រួសារ ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ សាស្ត្រាចារ្យរដ្ឋមន្ត្រី សំណូមពរដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាធានី-ខេត្តទាំងអស់ យកសារអប់រំសុខភាពដែលក្រសួងសុខាភិបាលបានផលិត ធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំ និងឲ្យបានទូលំទូលាយ តាមរយៈការដាក់ បញ្ជូលការអប់រំសុខភាព ជាសកម្មភាពការងារអាទិភាព ដើម្បីចូលរួមលើកកម្ពស់ ការយល់ដឹង របស់ប្រជាជន អំពីកត្តាហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសផលប៉ះពាល់ នៃការប្រើប្រាស់ ផលិតផលគ្រឿងស្រវឹង។

សាស្ត្រាចារ្យរដ្ឋមន្រ្តី អំពាវនាវ ដល់សាធារណជនទាំងអស់ ចៀសវាងការប្រើប្រាស់ផលិតផលថ្នាំជក់ និងផលិតផល គ្រឿងស្រវឹង ទទួលទានអាហារដែល មានសុខភាព និងធ្វើលំហាត់ប្រាណ ឲ្យបានគ្រប់គ្រាន់ ព្រោះសុខភាពគឺជាអ្វីៗ គ្រប់យ៉ាង មានសុខភាពល្អទើបអាចមានមូល ធនមនុស្សសម្រាប់ការអភិវឌ្ឍ គ្រួសារ សង្គម និងប្រទេសជាតិ ស្របតាមគោលនយោបាយ បញ្ចកោណ របស់រាជរដ្ឋាភិបាល៕

To Top