ព័ត៌មានជាតិ

លោក ហ៊ាង សុទ្ធាយុត្តិ៖ ប្រព័ន្ធ cdcIPM សម្រួលកិច្ចវិនិយោគឱ្យ កាន់តែមានភាពងាយស្រួល និងធានាបានតម្លាភាព

ភ្នំពេញ៖ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងឱ្យដឹងថា ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា «ប្រព័ន្ធ cdcIPM» បានរៀបចំឡើងដើម្បីផ្តល់លទ្ធភាពឱ្យវិនិយោគិន ដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា សម្រួលកិច្ចវិនិយោគ ឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា និងធានាបាននូវតម្លាភាព។

ការលើកឡើងរបស់ ហ៊ាង សុទ្ធាយុត្តិ នាឱកាសអញ្ជើញចូលរួមក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា «ប្រព័ន្ធ cdcIPM» ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី។

លោក អគ្គលេខាធិការរង បានបញ្ជាក់ថា «cdcIPM គឺជាប្រព័ន្ធបច្ចេកវិទ្យាទីជីលថ្មីមួយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានរៀបចំឡើងដើម្បីផ្តល់លទ្ធភាពឱ្យ វិនិយោគិនដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា សម្រួលកិច្ចវិនិយោគ ឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ព្រមទាំង ចូលរួមកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា»។

លោក អគ្គលេខាធិការរង បន្ដថា ប្រព័ន្ធថ្មីនេះ បានចូលរួមពន្លឿនការផ្តល់សេវា ចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដោយប្តូរពីការធ្វើលើឯកសារវឹង ជាការធ្វើតាមប្រព័ន្ធឌីជីថលទាំងស្រុង កាត់បន្ថយតម្រូវការនៃការជួបផ្ទាល់រវាងវិនិយោគិន និងអ្នកផ្តល់សេវា បង្កើនភាពងាយស្រួល និងធ្វើឱ្យបរិយាកាវិនិយោគនៅ កម្ពុជាកាន់តែទទួលបានទំនុកចិត្តពី អ្នកវិនិយោគមួយកម្រិតថែមទៀត»។

នាឱកាសនោះដែរ លោក អគ្គលេខាធិការរង បន្ថែមថា ប្រព័ន្ធនេះ ពិតជាមិនអាចដំណើការទៅបានទេ ប្រសិនបើគ្មានការចូលរួមយ៉ាងយកអស់កម្លាំង កាយចិត្តពីមន្ត្រីក្រោមឱវាទ និងការជ្រោមជ្រែងពីថ្នាក់ដឹកនាំ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការផ្តល់ការពីគ្រោះផ្តល់យោបល់ពីអន្តរក្រសួងស្ថាប័ន និងការចែករំលែកបទពិសោធន៍ ពីបណ្តាប្រទេសក្នុងតំបន់។

សូមបញ្ជាក់ថា ដោយឈរលើមូលដ្ឋាន ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា «២០២១-២០៣៥» ត្រូវបានរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដាក់ឱ្យអនុវត្តកាលពីឆ្នាំ២០២១ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឱ្យអនុវត្តនូវ «យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១» ដោយបានកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។

អនុវត្តស្របតាមយុទ្ធសាស្រ្តនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបន្តខិតខំកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវការផ្ដល់ សេវាសាធារណៈជូនវិនិយោគិន តាមរយៈការពង្រឹងសមត្ថភាពមន្រ្តី និងការរៀបចំប្រព័ន្ធ cdcIPM ដែលជាប្រព័ន្ធបច្ចេកវិទ្យាឌីជីលថ្មីមួយ អាចផ្តល់លទ្ធភាពឱ្យវិនិយោគិនដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា សម្រួលកិច្ចវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ព្រមទាំង ចូលរួមកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា៕

To Top