ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើង ពីគោលនយោបាយអាទិភាព វិស័យកសិកម្ម ក្នុងការធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រើ មានបាន និងមានរហូត ។
ការលើកឡើងរបស់ លោករដ្ឋមន្ដ្រី ឌិត ទីណា នាឱកាសអញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៨ វិច្ឆិកា នេះ ដោយមានការចូលរួមពីសំណាក់លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ លោកឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ឆេក និងអាល្លឺម៉ង់ ព្រមទាំងបណ្តាវិស័យឯកជន ទទួលទិញម្រេចសម្រាប់ការកែច្នៃ ។
ក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់សហគមន៍កសិកម្មទំនើប បង្កើនការយកចិត្តទុកដាក់បន្ថែមទៀតនូវទំនើបកម្មនៃសមាជិកសហគមន៍ ដោយធ្វើការរួមគ្នា ផលិតរួមគ្នា ធ្វើតាមស្តង់ដាត្រឹមត្រូវ ប្រការសំខាន់ត្រូវមានភាពស្មោះត្រង់ មានវិន័យល្អ ផលិតទៅតាមតម្រូវការទីផ្សារ និងអនុវត្តកិច្ចសន្យាផលិតកម្មឱ្យមានប្រសិទ្ធភាព។
នាឱកាសនេះ លោករដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពវិស័យកសិកម្ម ក្នុងការធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថានធ្វើយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រើ មានបាន និងមានរហូត ។
ទនឹ្ទមនឹងនេះ លោករដ្ឋមន្រ្តី លើកទឹកចិត្តសហគមន៍ខិតខំប្រឹងប្រែងបន្ត និងប្តេជ្ញាចិត្តក្នុងការ អនុវត្តកសិកម្មល្អ ផលិតកសិផលមានគុណភាពល្អ លក់បានថ្លៃ និងជំរុញម្រេចមេមត់នេះ ឱ្យក្លាយជាទំនិញសំគាល់ភូមិសាស្រ្ត ហើយក្រសួងនឹងជួយគាំទ្រនូវការរៀបចំ និងការគិតគូរ ជាលក្ខណៈសេដ្ឋកិច្ចឱ្យមាននិរន្តរភាព។
លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍទាំងអស់ ដែលបានជួយដល់ការងារវិស័យកសិកម្ម ជាពិសេសដំណាំម្រេច ស្វាយចន្ទី ដែលជាដំណាំអាទិភាពរបស់រាជរដ្ឋាភិបាល និងវិស័យឯកជននានាក្នុងការចូលរួមទទួលទិញ ដើម្បីកសិករមានទីផ្សារ ទទួលបានភាពជោគជ័យ និងដើរទៅមុខបានវែងឆ្ងាយ៕