ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ ដើម្បីផ្តល់ជាអនុសាសន៍ និងណែនាំតម្រង់ទិសដៅការងារមួយចំនួនសម្រាប់អនុវត្តនៅខែបន្ទាប់ ក៏ដូចជាស្តាប់នូវបញ្ហាប្រឈម ចំណុចខ្វះខាត និងសំណូមពរនានា ជាពិសេសការតាមដាន និងពិនិត្យវឌ្ឍនភាពការងារបន្តក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកទី១១ នាថ្ងៃទី១៣-១៥ ខែធ្នូ នៅខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ក្នុងកិច្ចប្រជុំដ៏មានអត្ថន័យនាពេលនេះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ លើសមិទ្ធផលការងារដែលសម្រេចបានកន្លងមក ព្រមទាំងកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្ត ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សមធម៌ និងគណនេយ្យភាពក្នុងការអនុវត្តការងារ និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់៕