ព័ត៌មានជាតិ

មន្ទីរធម្មការ ខេត្តត្បូងឃ្មុំ បដិសេធការចុះផ្សាយថា មានព្រះសង្ឃមួយអង្គផឹកស្រាស្រវឹង និងជក់ថ្នាំប្រើហិង្សាលើសាមណេរ

ភ្នំពេញ៖ មន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ ចេញសេចក្ដីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការបង្ហោះផ្សាយនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់គណនីហ្វេសប៊ុកឈ្មោះ «ឌីជេខេអេច» ដែលបានបង្ហោះផ្សាយវីដេអូ អំពីសកម្មភាពភិក្ខុសង្ឃមួយអង្គបាន ប្រើអំពីហិង្សាទៅលើសាមណេរមួយអង្គ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងវត្តគិរីទក្ខិណារាម (ហៅវត្តក្បាលបឹងសេះ) ស្ថិតនៅភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំគឺជារឿងមិនពិត។

សេចក្តីបំភ្លឺរបស់មន្ទីរធម្មការខេត្ត នាថ្ងៃ២៨ វិច្ឆិកា បានបញ្ជាក់ថា ការវាយនោះ ដើម្បីអប់រំតែប៉ុណ្ណោះ គឺមិនដូចការចុះផ្សាយថា ភិក្ខុសង្ឃ យាន ធាវី ផឹកស្រាស្រវឹង ហើយញៀនថ្នាំ ដោយវាយទាត់ធាក់ទៅលើសាមណេរ ប៉ាវ សីហានោះទេ ។

លិខិតបញ្ជាក់ថា “ព្រះចៅអធិការវត្តគិរីទក្ខិណារាម ភិក្ខុ ស៊ុម ភក្តី បញ្ជាក់ថា ភិក្ខុសង្ឃ យាន ធាវី ពិតជាវាយទៅលើសាមណេរ ប៉ាវ សីហាពិតប្រាកដមែន ប៉ុន្តែការវាយនេះ គឺចង់អប់រំទូន្មានតែប៉ុណ្ណោះមិនបង្កអ្វីធ្ងន់ធ្ងរឡើយ”។

ជាមួយគ្នានេះ ភិក្ខុ យាន ធាវីក៏បានសន្យាថា នឹងឈប់អប់រំប្រៀនប្រដៅដោយវាយទៅលើសាមណេរ ប៉ាវ ស៊ីហាទៀតហើយ គឺនឹងអប់រំណែនាំដោយពាក្យសំដីវិញ។

សម្រាប់សាមណេរ ប៉ាវ ស៊ីហា ក៏បានទទួលស្គាល់ពីចំណុចខុសឆ្គងរបស់ព្រះអង្គដែរ ដោយមិនមានការប្តឹងផ្តល់អ្វីទេ ។ នេះបើតាមលិខិតរបស់មន្ទីរធម្មការខេត្តត្បូងឃ្មុំ។

ប្រភពដដែលក៏បានអះអាងថា ក្រោយមានកាេចេញផ្សាយក្នុងហ្វេសប៊ុក «ឌីជេខេអេច» ខាងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តត្បូងឃ្មុំក៏បានចុះទៅធ្វើតេស្តរកសារធាតុញៀនលើភិក្ខុសង្ឃយាន ធាវីផងដែរ ប៉ុន្តែលទ្ធផលបង្ហាញថា គ្មានសារធាតុញៀនក្នុងខ្លួនព្រះសង្ឃអង្គនោះទេ៕

To Top