ព័ត៌មានជាតិ

សម្ដេចធិបតី ៖ ក្រោយបញ្ចប់ថ្ងៃ១៨ សីហា ពលរដ្ឋងាក មកជឿរាជរដ្ឋាភិបាល ក្នុងការដោះស្រាយពាក់ព័ន្ធ CLV-DTA

បន្ទាយមានជ័យ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្រោយបញ្ចប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ ប្រជាពលរដ្ឋ ដែលជឿតាមការញុះញង់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស បានងារមកជឿ រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ពាក់ព័ន្ធទៅនឹងបញ្ហា CLV-DTA។

នាឱកាសអញ្ជើញជាអធិបតី សម្ពោធសមិទ្ធផលនានា នៅតំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថ្ងៃ១៨ សីហា ដែលគេបំផុស CLV-DTA ឲ្យប្រជាពលរដ្ឋងើបឡើង ប្រឆាំងរាជរដ្ឋាភិបាល បាតុកម្មនៅភ្នំពេញ។

សម្ដេចធិបតី បន្ដថា ក្រោយបញ្ចប់ចលនាថ្ងៃទី១៨ ខែសីហា ប្រជាពលរដ្ឋកម្ពុជា បានមូលមតិគ្នារួបរួមគ្នាឡើងវិញ ក្នុងនោះពលរដ្ឋដែលចាញ់កលមេដឹកនាំជ្រុលនិយម ពិសេសអ្នកដឹកនាំគ្នាធ្វើបាតុកម្មនៅក្រៅប្រទេស ដូចជា លោក ហៃ វណ្ណា បានដឹងខ្លួនសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្ស ប្រជាជនកម្ពុជាវិញ។

សម្ដេចធិបតី មានប្រសាសន៍ថា «ក្រោយចប់ ថ្ងៃ១៨ សីហា ប្រជាពលរដ្ឋ ងារមកជឿរាជរដ្ឋាភិបាល ជឿនៅក្នុងការ ដោះស្រាយ ហើយជឿ ពិតប្រាកដ នៅក្នុងការសម្របសម្រួល នយោបាយ ឈ្នះ ឈ្នះ។ ថ្ងៃ១៨ សីហា ដោយសារ ប្រជាពលរដ្ឋ របស់យើង ទាំងយុវជន ទាំងក្នុងប្រទេស និងក្រៅប្រទេស ក្រោយ ១៨ សីហា បានជាយើងបញ្ចប់នូវឱកាស ឬមួយហានិភ័យ ដែលប្រទេសយើង ឬមួយនៅភ្នំពេញអាចមានបញ្ហា»។

នាឱកាសនោះដែរ សម្តេច នាយករដ្ឋមន្រ្តី បានថ្លែងប្រាប់ប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍តេជោ ឈ្នះ ឈ្នះ កុំជឿតាមការញុះញង់ របស់ក្រុមខ្មោច គណបក្សប្រឆាំង ឬក្រុមឧទ្ទាមក្រៅប្រទេស គប្បីត្រូវជឿទុកចិត្តទៅលើការដឹកនាំ និងយន្តការដោះស្រាយ របស់រាជរដ្ឋាភិបាល៕

To Top