ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ឲ្យបន្តពង្រឹង និយ័តកម្មសេវាឯកជន និងពលរដ្ឋប្រើប្រាស់ ប័ណ្ណមូលនិធិសមធម៌ និងប.ស.ស

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាលបានឲ្យបុគ្គលិកសុខាភិបាល បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការធ្វើនិយ័តកម្មសេវាឯកជន និងស៊ីជម្រៅក្នុងការ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសបង្កើនការយកចិត្តទុកដាក់បន្តទៀត ទៅលើសេវាព្យាបាល ដោយប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស ក្នុងការផ្តល់សេវាសុខភាព សាធារណៈដល់ប្រជាពលរដ្ឋ ។

ការស្នើរបស់លោករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នាថ្ងៃ២៨ វិច្ឆិកា។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ នៃចំណុចសំខាន់ៗ ក្នុងការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព និងលឿនជាងមុខតាមបែបនិយាមស្តង់ដា រួមមាន៖ ១) ការគិតទៅលើគោលការណ៍ និងគោលនយោបាយសុខាភិបាល ដែលជាការសម្របសម្រួលមានប្រសិទ្ធភាព នៃសកម្មភាពផ្តល់សេវាសធារណៈ ទទួលបានប្រសិទ្ធខ្ពស់ និងឈានដល់គោលដៅកំណត់ ២) ដំណើរការ ដោយត្រូវមាននិយាមការងារ ភាពច្បាស់លាស់ (ទាំងធនធានមនុស្ស និងជំនាញ) របៀបរបបនៃការធ្វើការងារ និងការកំណត់ផែនការ និង៣) បច្ចេកទេស ៖ ត្រូវមានការងារសកម្មភាព បែបលក្ខណៈបណ្តុះបណ្តាល ត្រូវពិនិត្យទៅលើគម្រោងការងារនីមួយៗ វិធីសាស្ត្រនៃការអនុវត្តការងារ ដើម្បីអនុវត្តស្របទៅតាមពេលវេលា មានសន្ទុះលឿន និងមានប្រសិទ្ធខ្ពស់។

ទន្ទឹមនឹងនេះដែរ សាស្រ្តាចារ្យ រដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល សូមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការធ្វើនិយ័តកម្មសេវាឯកជន និងស៊ីជម្រៅក្នុងការ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។ ជាពិសេស សូមបង្កើន ការយកចិត្តទុកដាក់បន្តទៀត ទៅលើសេវាព្យាបាល ដោយប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស ក្នុងការផ្តល់សេវាសុខភាព សាធារណៈដល់ប្រជាពលរដ្ឋ ៕

To Top