ព័ត៌មានជាតិ

ឡាវ ស្នើកម្ពុជា ជួយបណ្តុះបណ្តាលជំនាញ បច្ចេកទេសបោសសម្អាតមីន និងការសិក្សាស្រាវជ្រាវ ទិន្នន័យចម្ការមីន

រូបភាព៖ ហ្វេសប៊ុកទេសរដ្ឋមន្ត្រី លី ធុជ

ភ្នំពេញ៖ លោក Thongphane SAVANPHET អនុរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ បានស្នើសុំឱ្យកម្ពុជា ជួយបណ្តុះបណ្តាល នូវជំនាញបច្ចេកទេសការងារបោសសម្អាតមីន និងការសិក្សាស្រាវជ្រាវ ទិន្នន័យចម្ការមីន ដល់ប្រទេសឡាវ ។

ក្នុងជំនួបជាមួយលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកអនុរដ្ឋមន្រ្តីការបរទេសឡាវ បានសម្តែងនូវការអបអរសាទរ ចំពោះភាពជាប្រធាន និងភាពជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដ៏មានសារៈសំខាន់នេះ។

លោកអនុរដ្ឋមន្ត្រីបានថ្លែងទៀតថា ទោះបីប្រទេសឡាវ មិនទាន់បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអនុសញ្ញា ប៉ុន្តែប្រទេសឡាវបានចូលរួមដល់ការអនុវត្ត នូវគោលការណ៍របស់អនុសញ្ញា ហើយឆ្នាំក្រោយប្រទេសឡាវ នឹងបញ្ចូនរបាយការណ៍ស្ម័គ្រចិត្តអំពី ការងារបោសសម្អាតមីន របស់ខ្លួន ទៅកាន់អនុសញ្ញាអូតាវ៉ា។

អនុរដ្ឋមន្ត្រីការបរទេសឡាវ ក៏បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានរួមចំណែកគាំទ្រការបោសសម្អាត គ្រាប់បែកចង្កោមនៅប្រទេសឡាវ និងគាំទ្រប្រទេសឡាវជាប្រធាន កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ ឆ្នាំ២០២៥ នៃអនុសញ្ញាគ្រាប់បែកចង្កោម ។ ជាមួយគ្នានោះលោក បានស្នើសុំឱ្យប្រទេសកម្ពុជា ជួយបណ្តុះបណ្តាលនូវជំនាញបច្ចេកទេស ការងារបោសសម្អាតមីន និងការសិក្សាស្រាវជ្រាវ ទិន្នន័យចម្ការមីនដល់ប្រទេសឡាវ ផងដែរ។

តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ទេសរដ្ឋមន្ត្រី លី ធុជ បានម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះ អនុរដ្ឋមន្រ្តីការបរទេសឡាវ និងគណៈប្រតិភូ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ។ ការចូលរួមរបស់ប្រទេសឡាវ ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការដោះស្រាយបញ្ហាប្រឈមរួម ដែលបង្កដោយមីនប្រឆាំងមនុស្ស។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងជាបងប្អូន និងមិត្តភាពដ៏យូរអង្វែងជាប្រវត្តិសាស្រ្ត នៃប្រទេស និងប្រជាជនកម្ពុជា-ឡាវ ដែលជាអ្នកជិតខាងដ៏ល្អ។ ជាងនេះទៅទៀត លោកទេសរដ្ឋមន្រ្តី ក្នុងនាមជាប្រទេសជិតខាង បានសម្តែងនូវការសប្បាយរីករាយ ចំពោះវឌ្ឍនភាពសម្រេចបានរបស់ប្រទេសឡាវក្នុងការងារបោសសម្អាតគ្រាប់បែកចង្កោម និងការជួយសង្រ្គោះអាយុជីវិតរបស់ប្រជាជន ពីការគំរាមកំហែងនៃគ្រាប់មិនទាន់ផ្ទុះ។

ជាការឆ្លើយតបនឹងការស្នើសុំ របស់ប្រទេសឡាវ ទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា កម្ពុជា នឹងឈរជាមួយប្រទេសឡាវ ក្នុងការគាំទ្រ និងត្រៀមខ្លួនក្នុងការបណ្តុះបណ្តាល ធនធានបោសសម្អាតមីន និងការសិក្សាស្រាវជ្រាវ ដល់ប្រទេសឡាវ ផងដែរ ៕

To Top