ព័ត៌មានជាតិ

យុវជនកាកបាទក្រហម ជាតិនិងអន្តរជាតិ ជាង ៣០០នាក់ ចូលរួមបោះជំរំ នៅខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំយុវជនប្រមាណជាង៣០០នាក់ ចូលរួមក្នុងកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤។

កម្មវិធី បោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិនិងអន្តរជាតិ ឆ្នាំ២០២៤នេះ ធ្វើឡើងក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្ដិភាព» “Together Volunteering for Community Resilience in Peace” ដែលប្រព្រឹត្តិទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ។

កម្មវិធីនេះមានការចូលរួមពីទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាសរុបប្រមាណជាង ៣០០នាក់ ក្នុងនោះមកពីក្លឹបយុវជនទាំង២៥ គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ, សាខាខេត្តចំនួន៨ រួមមាន ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តពោធិ៍សាត់។

ព្រមជាមួយគ្នានេះ ក៏មានការចូលរួមពីយុវជនមកពីសមាគមជាតិអាស៊ីអាគ្នេយ៍ចំនួន ៨នាក់ ក្នុងនោះមកពី អឌ្ឍចន្ទក្រហម ម៉ាឡេស៊ី, កាកបាទក្រហម មីយ៉ាន់ម៉ា និងកាកបាទក្រហម វៀតណាម៕

To Top