ព័ត៌មានជាតិ

ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ជំរុញឱ្យមានកែប្រែទាំងផ្នត់គំនិត និងឥរិយាបថពលរដ្ឋ ចេះស្រឡាញ់បរិស្ថាន

កណ្ដាល ៖ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ជំរុញឱ្យមានកែប្រែទាំងផ្នត់គំនិត និងឥរិយាបថ របស់ប្រជាពលរដ្ឋយើង ឱ្យចេះស្រឡាញ់បរិស្ថាន មានស្មារតីទទួលខុសត្រូវក្នុងការចូលរួម រើសសំរាម សំអាតភូមិដ្ឋាន ការបង្កើនគម្របបៃតង អភិរក្សជីវៈចម្រុះ ដើម្បីការរស់នៅ និងអភិវឌ្ឍន៍ដោយចីរភាព ។

នេះជាការលើកឡើងរបស់ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព» នៅវិទ្យាល័យ សាន់នីវូ សំរោងធំ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក បានបន្ថែមថា ដើម្បីកម្ពុជាស្អាត ទីក្រុង ទីប្រជុំជន ជាពិសេសផ្ទះយើងស្អាត យើងត្រូវយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងទុកដាក់ សំរាមសំណល់រឹង សំណល់រាវ ឱ្យបានត្រឹមត្រូវ ចូលរួមអនុវត្តកាត់បន្ថយការ ប្រើប្រាស់ប្លាស្ទិក និងថង់ប្លាស្ទិក ចេះវេចខ្ចប់ និងញែកសំរាម តាមប្រភេទ ដូចជា សំណល់អាចកែឆ្នៃបាន (សំណល់អេតចាយ) សំណល់សរីរាង្គដែលពុកផុយរលួយ សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់ និងសំណល់ផ្សេងៗទៀត។

លោក បន្ដថា ដើម្បីយកសំណល់មួយចំនួន ឱ្យមានតម្លៃខាងសេដ្ឋកិច្ច កាត់បន្ថយបរិមាណសំរាមសំណល់រឹង នៅតាមទីលាន ឬតាមរណ្តៅចាក់សំរាម និងរួមចំណែកកសាងសង្គមកម្ពុជា ឱ្យមានបរិស្ថានល្អ ស្អាត បៃតង និងចីរភាព ដែលបានចែងនៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ហើយដែលត្រូវអនុវត្ត ដើម្បីកម្ពុជាឆ្ពោះទៅសម្រេច ទស្សនវិស័យឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានចំណូល សេដ្ឋកិច្ចខ្ពស់ និងជាប្រទេស អព្យាក្រឹតកាបូន។

លោក បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន គ្រប់ថ្នាក់ និងប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស លោកគ្រូអ្នកគ្រូនៅ តាមសាលារៀនទាំងអស់ ជាមួយភាគីពាក់ព័ន្ធទាំងអស់ ចូលរួមបន្តអនុវត្តយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការសម្អាតបរិស្ថាន «កម្ពុជាស្អាត ខ្មែរធ្វើបាន» ឱ្យបានច្រើនឡើងថែមទៀត ដើម្បីឈានទៅសម្រេចបានជោគជ័យថ្មីៗ បន្ថែមទៀត ជូនជាតិ មាតុភូមិ។

ក្នុងឱកាសនោះ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានគាំទ្រជំរុញ ឱ្យយុទ្ធនាការក្រសួងបរិស្ថាន ឱ្យក្លាយជាសកម្មភាព ដើម្បចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមសាលារៀន វត្តអារាម រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ និងវិស័យឯកជន នៅក្នុងមូលដ្ឋានឱ្យបានផុសផុលថែមទៀត ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ឱ្យទទួលបានភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីប្រែក្លាយឱ្យខេត្តកណ្តាលស្អាត កម្ពុជាស្អាត មានបរិស្ថានល្អ មានសោភ័ណភាព និងការទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគបន្ថែមទៀត សម្រាប់ឧត្តមប្រយោជន៍ បម្រើជូនប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ក្នុងរយៈពេលជាង១ឆ្នាំមកនេះ ក្រសួងបរិស្ថាន បានខិតខំលើកកម្ពស់ ប្រសិទ្ធភាពការងារ តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការដាក់ចេញនូវរដ្ឋបាលទំនើប ប្រើប្រាស់បច្ចេកវិទ្យាថ្មី និងកែលម្អនូវក្របខណ្ឌច្បាប់ និងគោលនយោបាយជាបន្តបន្ទាប់៕

To Top