ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសជ័យលាភី “ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤”

ភ្នំពេញ ៖ ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំពីធីប្រកាសជ័យលាភី “ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤” ក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីអនាគតកាន់តែល្អ”​នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤​ និងថ្នាក់ដឹកនាំក្រោមឱវាទក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បណ្ឌិត្យសភាបច្ចេកវិទ្យា ឌីជីថលកម្ពុជា ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន ធុរកិច្ចថ្មីឌីជីថល សហគ្រិន និងអ្នកជំនាញបច្ចេកវិទ្យាជាច្រើនរូប នៅសណ្ឋាគារ Hyatt Regency Phnom Penh ។

ក្នុងឱកាសនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយន៍ និង ទូរគមនាគមន៍​ បានមានប្រសាសន៍ថា កម្មវិធីពានរង្វាន់ ឌីជីថលកម្ពុជា ធ្វើឡើងក្នុងគោលបំណង ជំរុញការធ្វើបរិវត្តកម្មឌីជីថល ប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល នៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន និងសហគ្រិន។ ស្របជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងកោតសរសើរដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងសហការយ៉ាងជិតស្និទ្ធក្នុងការជួយជ្រោមជ្រែង ឱ្យសម្រេចបានជោគជ័យ ក្នុងការរៀបចំកម្មវិធីនេះ ជាពិសេសថ្នាក់ដឹកនាំនិងអង្គភាព ក្រោមឱវាទរបស់ ក.ប.ទ. ក្រុមហ៊ុនឧបត្ថម្ភកម្មវិធី ក្រុមការងាររៀបចំកម្មវិធី ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនទៀត ។

លោករដ្ឋមន្ត្រី បានអបអរសាទរ និងប្រគល់ពានរង្វាន់ ឌីជីថលកម្ពុជា ឆ្នាំ២០២៤ ព្រមទាំងលិខិតសរសើរ ជូនដល់ក្រុមហ៊ុន ជ័យលាភីចំនួន៥ ដែលត្រូវបានជ្រើសរើស ក្នុងចំណោមក្រុមហ៊ុន ដាក់ពាក្យសរុបចំនួន ៦៤ក្រុមហ៊ុន និងពានរង្វាន់កិត្តិយស ស្រ្តីឆ្នើមបច្ចេកវិទ្យា ប្រចាំឆ្នាំដល់បេក្ខនារី ចំនួន ១រូប។

សូមបញ្ជាក់ថា ក្រុមហ៊ុនឯកជន/ក្រសួង-ស្ថាប័ន ដាក់ពាក្យចូលរួមប្រកួតប្រជែង ដោយមាន ៥ ប្រភេទពានរង្វាន់ និងការទទួលស្គាល់ពិសេសសម្រាប់ស្ត្រីឆ្នើម បច្ចេកវិទ្យាប្រចាំឆ្នាំ ។
ជ័យលាភីទាំង ៦ប្រភេទពានរង្វាន់ និងប្រាក់រង្វាន់សម្រាប់ជ័យលាភី នៅឆ្នាំនេះរួមមាន ៖
១. ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ (Private Sector of the Year) ជាមួយនឹងប្រាក់រង្វាន់ ចំនួន 2,500 ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនក្រុមហ៊ុន Wing Inter Logistics Technologies Co., Ltd សម្រាប់ផលិតផល Wingagri
២. បរិយាបន្នឌីជីថលល្អបំផុត ប្រចាំឆ្នាំ (Best Digital Inclusion of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនក្រុមហ៊ុន Solar Green Energy (Cambodia) Co., Ltd សម្រាប់ផលិតផល Solar Smart Irrigation System, Solar Irrigation Station
៣. មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនក្រុមហ៊ុន 606 Digital សម្រាប់ផលិតផល Sampi TV
៤. ពានរង្វាន់រដ្ឋមន្ត្រី សម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុត ប្រចាំឆ្នាំ (Minister Startup of the Year) ជាមួយនឹងប្រាក់រង្វាន់ ចំនួន 15,000 ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនក្រុមហ៊ុន Jalat Logistics សម្រាប់ផលិតផល Jalat Logistics
៥. ការស្រាវជ្រាវនិងនវានុវត្តន៍ ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Research and Innovation of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន 7,500ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនបណ្ឌិត្យសភា បច្ចេកវិទ្យាឌីជីថលកម្ពុជា សម្រាប់ផលិតផល Machine Translation for Khmer Braille
៦. ពានរង្វាន់កិត្តិយសស្រ្តីឆ្នើម បច្ចេកវិទ្យាប្រចាំឆ្នាំ (Women in Tech of the Year) ត្រូវបានផ្តល់ជូន លោកស្រី រស់ ពេជ្រហេមី មកពីក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា៕

To Top