ព័ត៌មានជាតិ

លោក ឃួង ស្រេង ជំរុញឱ្យមន្ត្រីគណបក្ស ប្រជាជន យកចិត្តទុកដាក់ មើលថែសមាជិកបក្ស និងពលរដ្ឋ ក្នុងមូលដ្ឋាន

ភ្នំពេញ ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានជំរុញឱ្យមន្ត្រីគណបក្សប្រជាជន យកចិត្តទុកដាក់មើលថែសមាជិកបក្សនិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយត្រូវចុះពិនិត្យ មើលទាំងជីវភាព និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់ នៅក្នុងមូលដ្ឋាន បើមានការខូចខាត ត្រូវជួសជុលស្តារឡើងវិញ ។

ការជំរុញរបស់ លោក ឃួង ស្រេង ខាងលើនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី៣០វិច្ឆិកា ២០២៤ ក្នុងកិច្ចប្រជុំប្រចាំខែគណបក្សចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នៅទីស្នាក់ការបក្សខណ្ឌ នៅទីស្នាក់ការមន្ទីរគណបក្ស ខណ្ឌព្រែកព្នៅ។

នាឱកាសនេះ លោក ឃួង ស្រេង បានលើឡើងថា “មន្ត្រីបក្សរបស់យើងទាំងអស់ ត្រូវយកចិត្តទុកដាក់មើលថែ សមាជិកបក្ស និង ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពោលគឺនៅពេលពួកគាត់ មានបញ្ហាអ្វីមួយ ត្រូវដោះស្រាយជួយពួកគាត់ភ្លាម ដូចជាការដោះស្រាយបញ្ហាទឹកលិច និងការផ្តល់ស្បៀង អាហារជាដើម”។

បន្ថែមពីនេះ លោកថា “មន្ត្រីបក្សរបស់យើងក៏ត្រូវចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋានផងដែរ ទាំងប្រឡាយទឹក លូទឹក ផ្លូវ បង្គោលភ្លើងបំភ្លឺសាធារណៈជាដើម បើមានការខូចខាត ត្រូវជួសជុលស្តារឡើងវិញ។ មន្ត្រីបក្សរបស់យើងត្រូវពង្រឹងប្រព័ន្ធផ្សព្វផ្សាយអោយបានខ្លាំងក្លា និងវាយបកអោយបានទាន់ពេលវេលា ពិសេសប្រសាសន៍ថ្នាក់ដឹកនាំប្រទេស ត្រូវបន្តផ្សព្វផ្សាយភ្លាមៗដើម្បីអោយសមាជិក និងប្រជាពលរដ្ឋបានទទួលព័ត៌មានភ្លាមៗ’។

លោក ឃួង ស្រេង គូសបញ្ជាក់ថា “មិនមែនគណបក្សប្រជាជនកម្ពុជាឈ្នះ នៃការបោះឆ្នោតផ្លូកទឹកផ្លូកដីហើយ លែងដៃចោលនោះទេ។ ត្រូវក្តាប់អោយបានពីចលនារបស់បក្សប្រឆាំងជ្រុលនិយម និងក្តាប់សន្តិអារម្មណ៍ប្រជាពលរដ្ឋអោយបាន ហើយជម្រាបពួកគាត់អោយបានយល់ជាមួយការផ្តល់ក្តីសង្ឃឹមជូនពួកគាត់ ពិសេសចលនាពួកគាត់អោយបានយល់ច្បាស់ ពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា”។

ជាមួយគ្នានេះ លោក ឃួង ស្រេង បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ត្រូវទទួលបានជ័យជំនៈរហូត ដើម្បីអោយប្រទេសកម្ពុជា រក្សាបានសន្តិភាព ដែលជាឱកាស អភិវឌ្ឍន៍ប្រទេស អោយកាន់តែរីកចំរើន ពិសេសសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ប្រែក្លាយកម្ពុជា មានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ៕

To Top