សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ នៅខាងមុខប្រាសាទអង្គរវត្ត បានបំបែកកំណត់ត្រាថ្មី ដោយមានអ្នកចូលរួមច្រើនជាងគេ រហូតទៅដល់ជិត ១៤ ០០០នាក់ មកពី ៨៧ប្រទេស ។
ក្នុងឱកាសអញ្ជើញចូលរួម រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង អង្គរវត្ត លើកទី២៩ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី បានមានប្រសាសន៍ថា ទឹកដីអង្គរដ៏ពិសិដ្ឋ គឺជាបេតិកភណ្ឌ នៃមនុស្សជាតិ និងជារតនៈសម្បត្តិដ៏វិសេសវិសាល របស់បុព្វបុរសខ្មែរ ពិតជាមោទនភាពដែលបានទទួលស្វាគមន៍ អត្តពលិកជាតិ អន្តរជាតិ មករត់កម្សាន្ត យ៉ាងសប្បាយជារៀងរាល់ឆ្នាំ ជាពិសេសឆ្នាំ២០២៤នេះ បានបំបែកកំណត់ត្រាថ្មី ដោយមានអ្នកចូលរួមច្រើនជាងគេ រហូតទៅដល់ជិត ១៤ ០០០នាក់ មកពី ៨៧ប្រទេស។
ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ទៀតថា ការចូលរួមរបស់កីឡាករអាជីព និងមិនអាជីពទាំងអស់ មកពីបណ្ដាប្រទេសជាច្រើន គឺជាសក្ខីភាពជាក់ស្ដែងយ៉ាងច្បាស់ ពីសន្តិភាព និងស្ថេរភាពនយោបាយ នៅកម្ពុជា។
សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ នេះ បានស្រូបទាញអ្នកចូលរួមសរុបចំនួន ១៣,៨៧៧នាក់ ក្នុងនោះ អត្តពលិកខ្មែរ ចំនួន ១០,៥៣២នាក់ និងអត្តពលិកអន្តរជាតិចំនួន ៣,៣៤៥នាក់មកពី ៨៧ប្រទេស ដោយមានការកើនឡើង ២៥% ធៀបនឹង ឆ្នាំ២០២៣ ដែលប្រទេសចូលរួមច្រើនជាងគេគឺ ចក្រភពអង់គ្លេស បារាំង អូស្ត្រាលីនិង ជប៉ុន៕