ភ្នំពេញ៖ គណៈកម្មការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ បានសម្រេចឱ្យភាពយន្តខ្លីដែលមានចំណងជើងថា «ទៅអត់» ជាអ្នកជាប់ជ័យលាភីលេខ១ ក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ខណៈដែលជ័យលាភីលេខ២ បានទៅលើ ភាពយន្តខ្លីរឿង «នាគមាស» និងជ័យលាភីលេខ៣ រឿង «ផ្ការីកនាពេលនារាត្រី» ។
ក្នុងពិធីបិទមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ នាល្ងាចថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពស់ខ្ពង់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលរៀបចំកម្មវិធីននេះឡើងបានយ៉ាល្អប្រសើរ។
ឯកឧត្តមបន្តថា មហោស្រពជាតិភាពយន្តខ្នាតខ្លី មិនគ្រាន់តែជាវេទិកាប្រកួតប្រជែងយកពានរង្វាន់នោះទេ ប៉ុន្តែក៏ជាទីកន្លែងជួបជុំ សិក្សាស្វែងយល់ វាស់ស្ទង់សមត្ថភាព ចែករំលែកបទពិសោធន៍ និងចំណេះដឹង ដើម្បីឈានឆ្ពោះទៅការផលិតភាពយន្តខ្នាតវែងប្រកបដោយគុណភាព។ មហោស្រពនេះក៏បានផ្តល់ឱកាសឱ្យយុវជនយើង បានបញ្ចេញនូវទេពកោសល្យ និងសមត្ថភាព លើការផលិតស្នាដៃភាពយន្តខ្នាតខ្លីរបស់ខ្លួន និងចូលរួមប្រកួតប្រជែងក្នុងកម្រិតថ្នាក់ជាតិ ក្នុងគោលបំណងពង្រឹងនូវធនធានមនុស្សថ្មីៗក្នុងវិស័យភាពយន្ត ដើម្បីក្លាយជាផលិតករភាពយន្តអាជីព នាពេលអនាគត។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងតែផ្តល់ការគាំទ្រ បើកទូលាយ និងលើកទឹកចិត្តដល់ការចូលរួមរបស់ដៃគូទាំងអស់ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អង្គការសមាគម និងបំផុសការចូលរួមគាំទ្រពីសាធារណជន ជាពិសេស យុវជនដែលជាអ្នកបន្តវេន ដើម្បីធ្វើការរួមគ្នា ក្នុងបុព្វហេតុថែរក្សា និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិ។ លោកបន្តថា ក្រោមម្លប់នៃសន្តិភាព និងការបោះជំហានទៅមុខជាប់ជាមិនដាច់លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល យើងក៏មានមោទនភាព និងសុទិដ្ឋិនិយម ចំពោះការវិវត្តរីកចម្រើននៃវិស័យភាពយន្តនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈកំណើននៃសមត្ថភាព គុណភាព និងការប្រកួតប្រជែង។ ជាមួយគ្នានេះ ការចូលរួមរបស់យុវជន កាន់តែមានលក្ខណៈផុលផុស ទាំងការនិពន្ធ និងការផលិតចេញនូវស្នាដៃថ្មីៗ ជាមួយភាពរស់រវើក និងភាពទាក់ទាញ។ តាមរយៈស្នាដៃភាពយន្ត និងទេពកោសល្យច្នៃប្រតិដ្ឋរបស់ខ្លួន ផលិតករ អ្នកនិពន្ធ និងសិល្បករ សិល្បការិនីខ្មែរ បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក និងជាឯកអគ្គរាជទូត ផ្សព្វផ្សាយអំពីកម្ពុជា វប្បធម៌ អត្តសញ្ញាណ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
ឯកឧត្តមបញ្ជាក់ថដូច្នេះថា ៖ « រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តចាត់ទុក ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពគន្លឹះ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលជាកត្តាចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្នុងនោះ ការពង្រឹងធនធានមនុស្សលើវិស័យភាពយន្ត ក៏ត្រូវបានចាត់ទុកជាអាទិភាពមួយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ សំដៅជំរុញកម្ពុជា ឱ្យក្លាយជាដែនដីស្វាគមន៍នៃការថតភាពយន្តជាតិ និងបរទេស ដើម្បីទាញយកអត្ថប្រយោជន៍ពីវិស័យនេះ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ»។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ បានលើកឡើងថា ក្នុងរយៈពេល៦ថ្ងៃនៃការរៀបចំមហោស្រព ក្រុមការងារលេខាធិការដ្ឋាន ក្រោមកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ និងប្អូនៗក្រុមយុវជនស្ម័គ្រចិត្ត បានរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីរួមចំណែកញ៉ាំងឱ្យបរិយាកាសនៃមហោស្រពភាពយន្តនាឆ្នាំនេះកាន់តែមានសារសំខាន់ក្នុងការផ្ដល់ចំណេះដឹង និងចែករំលែកបទពិសោធន៍ល្អៗជូនផលិតករភាពយន្តវ័យក្មេង ព្រមទាំងអ្នកស្រឡាញ់ចូលចិត្តវិស័យភាពយន្តទាំងអស់។
លោក ក៏បានធ្វើរបាយការណ៍សង្ខេបស្តីពីដំណើរការនៃការរៀបចំមហោស្រពជាតិភាពយន្តកម្ពុជាលើកទី៤ ឆ្នាំ២០២៤ ដូចតទៅ៖ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញមូលដ្ឋានវិជ្ជាជីវៈភាពយន្តរយៈពេលខ្លី(CambodiaFilmLab) រយៈពេល០៣ខែ ដោយចាប់ផ្តើម ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដោយផ្តោតលើជំនាញមូលដ្ឋាននៃការសរសេរអត្ថបទនិពន្ធភាពយន្ត, ជំនាញដឹកនាំរឿង, ជំនាញថតភាពយន្ត, កាត់តដំឡើងរូបភាព, ផ្គុំសំឡេង ព្រមទាំងជំនាញសំខាន់ៗមួយចំនួនទៀត ដោយបានផ្តល់ឱកាសដល់សិក្ខាកាមចំនួន ៤២រូប បានអនុវត្តការផលិតស្នាដៃភាពយន្តខ្លីចំនួន ០៣ចំណងជើង សម្រាប់ចូលរួមប្រកួតប្រជែងក្នុងមហោស្រពនាឆ្នាំនេះផងដែរ។
បានទទួលស្នាដៃភាពយន្តខ្នាតខ្លីសុំចូលរួមប្រកួតប្រជែងចំនួន ៤៦ស្នាដៃ ដែលក្នុងនោះ ស្នាដៃ ភាពយន្តខ្លីសម្រាប់ប្រកួតប្រជែងមានចំនួន ៣៤ស្នាដៃ និងស្នាដៃឯកសារភាពយន្តខ្នាតខ្លី សម្រាប់ ប្រកួតប្រជែងមានចំនួន ១២ស្នាដៃ។ ជាមួយនេះ មានស្នាដៃភាពយន្តឯកសារខ្លីចំនួន ២២ស្នាដៃ បានចូលរួមចាក់បញ្ចាំងផងដែរ៕