ព័ត៌មានជាតិ

អង្គការ AHF និងរដ្ឋបាល ខេត្តសៀមរាប រៀបចំព្រឹត្តិ ការណ៍អបអរសាទរ ទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍កម្ពុជា (AHF) បានសហការ ជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រដ្ឋបាលខេត្តសៀមរាប និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍អបអរសាទរ ទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍។

ក្នុងព្រឹត្តិការណ៍នោះដែរ ក៏អំពាវនាវថា «ការប្រយុទ្ធនឹង ជំងឺអេដស៍មិនទាន់បញ្ចប់ទេ រហូតដល់ពេលមេរោគអេដស៍ រលាយបាត់» ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ «សិទ្ធ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍»។

ព្រឹត្តិការណ៍នេះ មានកតិ្តយសក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលខេត្តសៀមរាប, លោក ស្រេង ហេង អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, លោកស្រី Terri Ford នាយកផ្នែកតស៊ូមតិ និងគោលនយោបាយ និងជាតំណាងប្រមុខដឹកនាំជាន់ខ្ពស់ របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍សកល, លោកវេជ្ជបណ្ឌឹត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ និងលោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ព្រមទាំងសមាជិកសមាជិកាមកពី តំណាងស្ថាប័ន្ធរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលជាតិ អាជ្ញាធរមូលដ្ឋាន ក្រុមក្មេងស្រី និងសិស្សានុសិស្ស សហគមន៍ អ៊ីមផុស និងអ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណជាង ៣០០នាក់ ។

ព្រឹត្តិការណ៍ប្រារព្ឋទិវាពិភពលោកប្រយុទ្ធនឹងជំងឺ អេដស៍ ឆ្នាំ២០២៤ មានសកម្មភាពជាច្រើន ដូចជា៖ ការប្រកួតគូរគំនូរ ការដើរដង្ហែរក្បួន និងការជូនអំណោយអាហារសុខភាពរបស់កសិដ្ឋានអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រួមទាំងការចែកចាយស្រោមអនាម័យដោយឥតគិតថ្លៃ និងកម្មវិធីជួបជុំ នៅទីកំសាន្តផាប់ស្ទ្រីត ខេត្តសៀមរាប។

នាឱកាសនោះ លោក នាក់ ណេរ៉ុន អភិបាលខេត្តសៀមរាប បានឱ្យដឹងថា រាជរាជរដ្ឋាភិបាល បានដាក់ចេញនូវគោល នយោបាយជាតិបញ្ចប់អេដស៍ និងចីរភាព កម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣ ដល់២០២៨ ដែលខំប្រឹងប្រែងរុករកអ្នក ផ្ទុកមេរោគអេដស៍ចំនួន ប្រមាណជិត ១ម៉ឺននាក់។

លោកអភិបាលរងខេត្ត បន្ដថា ការចូលរួមសហការ បន្តជាមួយរាជរដ្ឋាភិបាល ក្នុងឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ឱ្យបានគ្រប់ជ្រុងជ្រោយ និងជាពិសេសធ្វើយ៉ាងណា ជាពិសេសក្រុមយុវជនបង្ការខ្លួនចៀសផុតពីការឆ្លង មេរោគអេដស៍។

សូមរំលឹកថា ទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍នេះ ដើរតួជាវេទិកាដ៏សំខាន់មួយ សម្រាប់អ្នកតស៊ូមតិ ចំពោះមេរោគអេដស៍/ ជំងឺអេដស៍ ដើម្បីទទួលស្គាល់វឌ្ឍនភាព ដែលបានទទួល ចងចាំរំលឹកដល់អ្នក ដែលបានបាត់បង់ ជីវិតទាក់ទងនឹង ជំងឺអេដស៍ និងអ្នកដែលបន្តការប្រយុទ្ធ និងអំពាវនាវឱ្យរដ្ឋាភិបាល ទូទាំងពិភពលោកប្តេជ្ញា ផ្តល់ធនធានចាំបាច់ និង ការគាំទ្រផ្នែកនយោបាយ ដើម្បីបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍។ ទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍នេះត្រូវ បានក្រើនរំលឹកថា «ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ មិនទាន់បញ្ចប់ទេ »៕

To Top