សៀមរាប ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចុះមកពិនិត្យស្ថានភាព និងទស្សនាសហគមន៍ ទេសចរណ៍ធម្មជាតិ កំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ព្រមទាំងបានដោះស្រាយ នូវសំណូមពរមួយចំនួន ជូនពួកគាត់ផងដែរ។
តាមរយៈបណ្ដាញសង្គម នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា បន្ទាប់ពីបាន ចូលរួមកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ សម្ដេច បានឆ្លៀតឱកាសចុះមកពិនិត្យស្ថានភាព និងទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ជាទីកន្លែងផ្តល់នូវទស្សនីយភាពបែបធម្មជាតិ នៃការរស់នៅរបស់បងប្អូនប្រជាជនខ្មែរតាមបែបបទអ្នកទន្លេ និងសម្រស់ធម្មជាតិសម្បូរបែបរបស់បឹងទន្លេសាបផងដែរ។
ជាមួយគ្នានេះ បន្ទាប់ពីបានទស្សនកិច្ច និងជួបសំណេះសំណាល ផ្ទាល់ជាមួយសហគមន៍ ពិសេសអ្នកប្រកបរបរ ជាអ្នកបើកបរកាណូត និងអុំទូកបម្រើសេវាជូនអ្នកទេសចរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបាននូវសំណូមពរមួយចំនួន ហើយសម្រេចផ្តល់ជាដំណោះស្រាយជូន ដូចជា ៖ ១. កសាងផ្លូវកៅស៊ូ ៨គីឡូម៉ែត្រ លើផ្លូវក្រាលគ្រួសក្រហម ដែលមានស្រាប់ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរ និងកាត់បន្ថយការហុយ។ ២. កសាងបញ្ជរលក់សំបុត្រថ្មី របស់សហគមន៍ ដែលនឹងជួយ ឱ្យសហគមន៍មិនចាំបាច់ជួលដី ដើម្បីលក់សំបុត្រដូចបច្ចុប្បន្ន។ ៣. ផ្តល់បន្ថែមនូវធុងសំរាមក្នុងសហគមន៍ ដើម្បីថែរក្សាអនាម័យ និងបរិស្ថាន នៅក្នុងតំបន់។
សម្ដេច នាយករដ្ឋមន្ដ្រី បានកោតសរសើរចំពោះប្រជាពលរដ្ឋនៅកំពង់ភ្លុក ដែលបានរួមគ្នាចងក្រងជាសហគមន៍ ដើម្បីផ្តល់ជូននូវសេវាកម្មយ៉ាងល្អជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយស្នាមញញឹមនិងសប្បាយរីករាយ ជាពិសេសក៏រួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កើតផលិតផលទេសចរណ៍ បន្ថែមនៅក្នុងខេត្តសៀមរាប៕