ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានអំពាវនាវគ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវខិតខំកសាងសមត្ថភាព មន្ត្រីរាជការ រួមទាំងមន្ត្រីមានពិការភាព ឱ្យចេះប្រើប្រាស់ឌីជីថល ក្នុងសម័យកាលថ្មីនេះ ដើម្បីជាប្រយោជន៍ ដល់ការងាររបស់អង្គភាព។
តាមរយៈ សារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីចូលរួមអបអរសាទរ ទិវាជនមានពិការភាពកម្ពុជា លើកទី២៦ និងអន្តរជាតិលើកទី៤២ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ សម្ដេចធិបតី បានធ្វើការអំពាវនាវ ដូចតទៅ៖
១- គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវខិតខំ កសាងសមត្ថភាពមន្ត្រីរាជការ រួមទាំងមន្ត្រីមានពិការភាពឱ្យ ចេះប្រើប្រាស់ឌីជីថល នៅក្នុងសម័យកាលថ្មីនេះ ដើម្បីជាប្រយោជន៍ដល់ការងារ របស់អង្គភាពនិងសកម្មភាព រស់នៅប្រចាំថ្ងៃ។
២- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូនានា វិស័យឯកជន និងតួអង្គ ពាក់ព័ន្ធទាំងអស់ ត្រូវខិតខំអនុវត្តឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលនូវ «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨» ដោយដាក់បញ្ចូលគោលដៅ ដែលមានចែងក្នុងផែនការ យុទ្ធសាស្ត្រនេះ ទៅក្នុងផែនការ សកម្មភាពឬកម្មវិធីប្រចាំឆ្នាំរបស់ខ្លួន និងកំណត់នូវសូចនាករសមិទ្ធផល សម្រាប់អនុវត្តរយៈពេលខ្លី មធ្យម និង វែង ហើយត្រូវធ្វើរបាយការណ៍ជាប្រចាំ ជូនក្រុមប្រឹក្សាសកម្មភាព ជនពិការបូក សរុបជារបាយការណ៍ជាតិ។
៣- ក្រសួង ស្ថាប័នដែលបានបង្កើតក្រុមការងារសកម្មភាពជនពិការរួចហើយ ត្រូវបង្កើននិងពង្រឹងប្រសិទ្ធភាព ការងារដោយរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ និងត្រូវកែសម្រួលសមាសភាពជាប្រចាំតាមស្ថានភាពប្រែប្រួល ជាក់ស្តែងនៃក្រសួង ស្ថាប័ននីមួយៗ។ ដោយឡែក ក្រសួង ស្ថាប័ន ដែលមិនទាន់បានបង្កើតក្រុមការងារ សកម្មភាពជនពិការ ត្រូវបង្កើតនិងរៀបចំសមាសភាពឱ្យសមស្រប ទៅតាមបរិបទការងាររបស់ក្រសួង ស្ថាប័ន នីមួយៗ។
៤- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវចូលរួមចំណែកយ៉ាងសកម្មជំរុញ ការផ្តល់សេវានានា ដល់ជនមានពិការភាពឱ្យកាន់តែមានប្រសិទ្ធភាព ដោយប្រើយន្តការអន្តរវិស័យដែលមានស្រាប់ គឺក្រុមប្រឹក្សា សកម្មភាពជនពិការនៅតាមរាជធានី ខេត្តនីមួយៗ និងធ្វើរបាយការណ៍ជាប្រចាំជូនក្រុមប្រឹក្សាសកម្មភាពជន ពិការនៅថ្នាក់ជាតិ ដើម្បីបូកសរុបជារបាយការណ៍ជាតិ ស្តីពីពិការភាពនៅកម្ពុជា។
៥- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់ផ្នែក អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ដែលមានការទទួល ខុសត្រូវលើសំណង់អគារ និងទីធ្លាសាធារណៈនានា ត្រូវចាប់ផ្តើមកែសម្រួលឬរៀបចំផាសុកវត្ថុសម្រាប់ជនមាន ពិការភាពនៅតាមសំណង់អគារនិងទីធ្លាសាធារណៈទាំងនោះ ដើម្បីឱ្យជនមានពិការភាពគ្រប់ប្រភេទអាចចេញចូល ចុះឡើង និងប្រើប្រាស់បាន ស្របតាមច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ដោយឈរលើ បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។
៦- ក្រសួងសុខាភិបាល និងក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវបន្តសហការគ្នាឱ្យបានល្អជាមួយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីផ្តល់បណ្ណបើកបរដល់ជនមានពិការភាពដោយគ្មាន ឧបសគ្គឬការរើសអើងអ្វីឡើយ ឱ្យស្របតាមប្រកាសអន្តរក្រសួង ស្តីពីលក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ ជនមានពិការភាព។
៧- ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការគ្នាឱ្យបាន ល្អបំផុតក្នុងការផ្តល់សេវាស្តារលទ្ធភាពពលកម្មតាមគំរូវេជ្ជសាស្ត្រ និងស្តារលទ្ធភាពពលកម្មតាមគំរូសង្គម ប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ ជូនជនមានពិការភាព ដែលក្រីក្រដូចបានកំណត់ នៅក្នុងគោលនយោបាយ របស់រាជរដ្ឋាភិបាល។
៨- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពផ្តល់បណ្ណពិការភាព ជូនជនមានពិការភាពគ្រប់រូប ដើម្បីពួកគាត់អាចប្រើប្រាស់ បណ្ណស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងការទទួលបានផលប្រយោជន៍នានាពីសង្គម៕