ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៤៦ នៃទិវាកំណើត “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៤)។
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ (កាលពី ៤៦ឆ្នាំមុន) គឺជាថ្ងៃបង្កើត ចលនាមហាជនស្នេហាជាតិ ឈ្មោះថា “រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា” ដែលក្រោយមកបានប្តូរឈ្មោះជា “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” នៅតំបន់រំដោះ ក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ។
រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំង មហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំង ដើម្បីផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត។
ក្រោមការអំពាវនាវរបស់ សម្តេច ទាំងបី ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ និងដោយបានទទួលការ ជួយឧបត្ថម្ភយ៉ាងធំធេងពីប្រទេសជាមិត្ត ជិតឆ្ងាយលើសកលលោក បានផ្ដួលរំលំរបបកម្ពុជា ប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ នាថ្ងៃ៧ មករា ១៩៧៩។
៧ មករា ៧៩ បានបពា្ចប់នូវសម័យ កាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មានក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងវិញ នូវទំព័រសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាពពេញលេញ និងឱកាសដើម្បីស្ដារ កសាង និងអភិវឌ្ឍន៍មាតុភូមិរបស់ខ្លួនផងដែរ។
ក្នុងនាមយុវជនខ្មែរជំនាន់ ក្រោយមួយរូប លោកឧបនាយករដ្ឋមន្ដ្រី ស សុខា សូមសម្តែងនូវការអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាកំណើត “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” និងប្តេជ្ញាចងចាំជា និច្ចនូវគុណូបការៈដ៏ធំធេង មិនអាចកាត់ថ្លៃ របស់សម្តេចទាំងបី និងវីរជនស្នេហាជាតិទាំងអស់ ដែលបានបូជាកម្លាំងកាយចិត្ត និងអាយុជីវិត ដើម្បីរំដោះជាតិមាតុភូមិកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានធ្វើឱ្យប្រទេសជាតិ មានសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ដូចសព្វថ្ងៃនេះ៕