ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានបង្ហាញការយល់ឃើញនាថ្ងៃ២ ធ្នូ ថា ការចាត់វិធានការផ្លូវច្បាប់ទៅលើបុគ្គលជាអ្នកសូកប៉ាន់ និងអ្នកទទួលសំណូកនាពេលនេះ នឹងក្លាយជារូបភាពដ៏ប្រសើរមួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ តាមរយៈការផ្ដល់មេរៀន និងបទពិសោធន៍ទៅដល់អ្នកដែលមានបំណងចង់សូកប៉ាន់ ឬទទួលសំណូកទាំងឡាយ ឱ្យមានការខ្លាចក្រែងរអែងនឹងច្បាប់ដែលមានជាធរមាន។
ការលើកឡើងរបស់លោកនេះ បន្ទាប់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃ២៩ វិច្ឆិកា បានចេញដីកាឃុំខ្លួន ស្ត្រី២នាក់ ដាក់ពន្ធនាគារពាក់ព័ន្ធយកលុយ៣០ម៉ឺនដុល្លារទៅឱ្យលោក មួង ឃីម និងលោក លី សាម៉េត ដើម្បីរត់ការឱ្យកូនប្រុសធ្វើជាមន្ត្រីគយនៅខេត្តបាត់ដំបង។
សម្រាប់ការយល់ឃើញរបស់លោក យង់ ពៅ គឺថានេះជាការបំបែកសំណុំរឿងពុករលួយ និងឆបោកដ៏ធំមួយនៅឆ្នាំ២០២៤នេះ ដែលមានយ៉ាងហោចណាស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងឧកញ៉ា រួមទាំងពលរដ្ឋសរុបប្រមាណ១០នាក់ ជាប់ពាក់ព័ន្ធនឹងករណីប៉ុនប៉ងក្នុងបទសូកប៉ាន់ ដើម្បីទទួលបានឋានៈនិងតំណែងធំ ឬធ្វើការនៅកន្លែង «ខ្លាញ់» ក្នុងស្ថាប័នរដ្ឋ។
លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍បន្តថា “ចំណាត់ការរបស់តុលាការនិងអាជ្ញាធរពាក់ព័ន្ធនេះ គឺជារឿងដែលគួរឱ្យកត់សម្គាល់មួយនៅក្នុងការជំរុញនីតិរដ្ឋតាម រយៈការពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ពោលគឺទាំងអ្នកសូកប៉ាន់ និងអ្នកទទួលសំណូក ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដែលមានជាធរមាន ពិសេសច្បាប់ ស្ដីពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ”។
សម្រាប់បណ្ឌិត យង់ ពៅ វិធានការដ៏មុតមាំនាពេលនេះ គឺជាការជំរុញលើកទឹកចិត្តទៅដល់យុវជនជំនាន់ក្រោយដែលខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព ដើម្បីចូលបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ និងជាការធានាបានថា អ្នកបន្តវេននៅក្នុងតំណែងមុខងារសាធារណៈ នឹងពិតជាធនធានមនុស្សដែលប្រកបដោយថាមភាព សមត្ថភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមតម្រូវការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនជឿនលឿនទៅមុខ៕