ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ រត់ម៉ារ៉ាតុង គឺជាសារសំខាន់មួយ ដើម្បីរំលឹកជូនប្រជាពលរដ្ឋ ឲ្យមានទម្លាប់ធ្វើលំហាត់ ប្រាណប្រចាំថ្ងៃ ដើម្បីសុខភាព។
នេះជាសាររបស់សាស្រ្តាចារ្យ ឈាង រ៉ា ក្នុងឱកាសអញ្ជើញ ចុះពិនិត្យស្តង់ប្រចាំការរបស់ក្រសួង នាថ្ងៃ៣០ វិច្ឆិកា មុនចូលរួម ក្នុងព្រឹត្តិការណ៍អង្គរវគ្គ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី២៩ នាថ្ងៃទី១ ធ្នូ ។
ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួម ក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដែលនឹងបង្កើត បានជាអនុស្សាវរីយ៍ និងប្រវត្តិសាស្ត្រមួយ ព្រមទាំងត្រូវមាន ការតាំងចិត្ត យកចិត្តទុក ដាក់ក្នុងការជួយសង្រ្គោះ និងស្វែងយល់ពីប្រព័ន្ធបញ្ជូន និងអន្តរាគមន៍។ ក្នុងនោះដែរសាស្រ្តាចារ្យ ក៏បានណែនាំដល់គ្រូពេទ្យប្រចាំ ការនៅតាមស្តង់ និង រថយន្តគិលានុសង្រ្គោះ ត្រូវត្រៀមលក្ខណៈឲ្យគ្រប់គ្រាន់ នូវឱសថសារវន្ត សម្ភារៈជួយសង្រ្គោះ អុកស៊ីសែន និង សំខាន់បំផុត ឧបករណ៍ឆក់បេះដូងទំនើប ស្វ័យប្រវត្តិ និងរថយន្តគិលានសង្រ្គោះ ក្នុងការបញ្ជូនបន្ត។
ជាមួយគ្នានេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាព ដោយត្រូវបរិភោគអាហារ មានសុវត្ថិភាព តិចអំបិល តិចខ្លាញ់ តិចស្ករ ពិសារបន្លែផ្លែឈើឲ្យច្រើន និងចៀងវាងការពិសា គ្រឿងស្រវឹង ព្រមទាំងចូលរួមលំហាត់ប្រាណ ដែលកីឡារត់ម៉ារ៉ាតុង នាពេលនេះ ដែលជាការធ្វើលំហាត់ ប្រាណសម្រាប់សុខភាព។
ក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនេះ ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល ខេត្តសៀមរាប បានរៀបចំស្តង់ប្រចាំការនិង រថយន្តគិលានុសង្រ្គោះ នៅតាមបណ្តោយផ្លូវ ចំនួន ៦ទីតាំង និងមានក្រុមគ្រូ ពេទ្យស្ម័គ្រ ចិត្តជិះកង់ចល័ត មានប្រអប់ជួយ សង្រ្គោះ (first AID) និង ក្រុមយុវជនស័្មគ្រចិត្ត កាកបាទក្រហមខេត្តសៀមរាប ដែល មានចំណេះដឹង ក្នុងការជួយសង្គ្រោះ ឈរចំងាយ ៣០០ម៉ែត/ម្នាក់ ក្នុងការការពារ និង ជួយសង្រ្គោះដល់កីឡាករ ។ ទន្ទឹមនឹងនេះដែរ មានការចូលរួមសហការ ពីកាកបាទក្រហមកម្ពុជា រួមមានស្តង់បណ្តុះបណ្តាល សង្រ្គោះបឋម ដែលមានការចូលរួម ពីមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរមន្ទីរពេទ្យ Sun rise និង Future focus solution ។ ក្នុងនោះដែរ ក៏ក្រុមគ្រូពេទ្យស័្មគ្រចិត្ត មកពី សាកលវិទ្យាល័យអង្គរ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទ និងGLOBAL DOCTORS៕