កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ បទបញ្ជា និងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ ដើម្បីមកបម្រើប្រទេសជាតិ មាតុភូមិ និងបន្តថែរក្សានូវសុខសន្តិភាព ឱ្យបានគង់វង្សយូរអង្វែងរហូតទៅ។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-02_13-24-39-1024x682.jpg)
លោក អភិបាលខេត្តកណ្ដាល បានធ្វើការផ្ដាំផ្ញើបែបនេះ ក្នុងឱកាសដែល លោក អញ្ជើញសំណេះសំណាល និងជូនដំណើរ យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-02_13-24-44-1024x682.jpg)
លោក អភិបាលខេត្ត បន្តថា បើទោះបីជាប្រទេសកម្ពុជា មានសន្តិភាព ស្ថេរភាពល្អយ៉ាងណាក៏ដោយ ប៉ុន្តែការហ្វឹកហាត់ នៅតែជាភារកិច្ចស្នូល របស់កងកម្លាំងជាចាំបាច់ ដើម្បីបន្តថែរក្សានូវសុខសន្តិភាព និងស្ថេរភាពរបស់ប្រទេសយើងឱ្យបានគង់វង្សយូរអង្វែង ហើយទាល់តែយើងមានសមត្ថភាពគ្រប់គ្រាន់ សត្រូវរបស់យើងមិនហ៊ានប្រមាថ មើលងាយមកលើយើង និងមិនហ៊ានមកឈ្លានពាន ឬមកធ្វើសង្គ្រាមជាមួយយើងឡើយ ។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-02_13-24-47-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-02_13-24-51-1024x682.jpg)
ក្នុងឱកាសនោះដែរ លោក អភិបាលខេត្ត បានសម្ដែងនូវការអបអរសាទរ ចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើ កងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណសម្បត្តិ (ជាប់ជាស្ថាពរ) ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលត្រូវបានជូនដំណើរ និងត្រូវចូលហ្វឹកហ្វឺននៅមជ្ឈមហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) ដែលចេញពីការជ្រើសរើស ក្នុងខេត្តកណ្តាល សូមខិតខំរៀនសូត្រ និងបំពេញតួនាទី ភារកិច្ច និង បេសកកម្មកងរាជអាវុធហត្ថ ឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ, បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងបទបញ្ជាពេលបញ្ចប់វគ្គ និងសូមរគុណ និងកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមគ្រួសារ យុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានអនុញ្ញាតឱ្យកូន ចៅ ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិ មាតុភូមិនៃយើង។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-02_13-24-54-1024x682.jpg)
លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា បេក្ខជនគ្រប់លក្ខណសម្បត្តិ(ជាប់ជាស្ថាពរ) ទាំង ៤៥នាក់ ត្រូវបានក្រសួងការពារជាតិ ចេញប្រកាសបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ បំពេញឱ្យក្របខ័ណ្ឌកងរាជអាវុធហត្ថ ក្លាយជាយោធិន នៃ កងរាជអាវុធហត្ថ ជាផ្លូវការ និងបានប្រមូលផ្តុំហ្វឹកហ្វឺន សណ្តាប់ធ្នាប់ជួរទ័ព ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ និងជូនដំណើរទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) នាពេលនេះ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)