ព័ត៌មានជាតិ

កម្ពុជា នឹងចូលរួម ការតាំងពិព័រណ៍ទេសចរណ៍ “ASEAN Travel Exchange (TRAVEX)” នៅទីក្រុង Johor ប្រទេស ម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៥-២០ ខែមករា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានជូនដំណឹងដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន និងភាគីពាក់ព័ន្ធនានា ឱ្យបានជ្រាបថា ពិព័រណ៍ទេសចរណ៍ “ASEAN Travel Exchange (TRAVEX)” នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នឹងត្រូវរៀបចំចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ វិញ។

ក្រសួងទេសចរណ៍ នឹងចូលរួមការតាំងពិព័រណ៍ទេសចរណ៍ “ASEAN Travel Exchange (TRAVEX)” ដែលនឹងមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកលក់ និងអ្នកទិញ ស្តង់ពិព័រណ៍ ប្រមាណ២០០ស្តង់ ដោយមានការដាក់តាំងបង្ហាញ ផលិតផលទេសចរណ៍ ពីប្រតិបត្តិករទេសចរណ៍ ទីភ្នាក់ងារ ទេសចរណ៍ សេវាកម្មធ្វើដំណើរ សេវាកម្មសណ្ឋាគារ និងភាគីពាក់ព័ន្ធនៃបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។

ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កំណើនទេសចរណ៍ក្នុងតំបន់ ជំរុញបង្កើតឱកាសអាជីវកម្មទេសចរណ៍ និងជំរុញការផ្សព្វផ្សាយពីសក្តានុពល ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឱ្យកាន់តែទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអាស៊ាន ព្រមទាំងជាឱកាសក្នុង ការបង្កើតទំនាក់ទំនង អាជីវកម្មថ្មី កិច្ចសហប្រតិបត្តិការល្អ ក្នុងវិស័យទេសចរណ៍ និងការពង្រឹងភាពជាដៃ គូទេសចរណ៍ជាតិ-អាស៊ាន តាមរយៈ បណ្តាញទំនាក់ទំនងទីភ្នាក់ងារទេសចរណ៍ និងកិច្ចសហការក្នុងវិស័យ ទេសចរណ៍អាស៊ាន។

ក្រសួងទេសចរណ៍ សូមអំពាវនាវ ដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន និងភាគីពាក់ព័ន្ធនានា ចូលរួមផ្សព្វផ្សាយ និងចូលរួមការតាំងពិព័រណ៍ TRAVEX សំដៅទាក់ទាញទេសចរជាតិក្នុងតំបន់ និងអន្តរជាតិ ឱ្យមកទស្សនា “កម្ពុជា – ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង” កាន់តែច្រើនថែមទៀត៕

To Top