ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនជនជាតិចិនម្នាក់ និងខ្មែរម្នាក់ ក្រោយបង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំរិតទារប្រាក់

ភ្នំពេញ៖ ថ្មីៗនេះ នៅចំណុចអតីតសណ្ឋាគារមីង គួយ មានទីតាំងស្ថិតនៅផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានជនជាតិចិនមានគ្នា ចំនួន៤-៥នាក់ ជិះរថយន្ត ១គ្រឿងម៉ាក Alpard ពណ៌ស (មិនស្គាល់ផ្លាកលេខ) បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ ឈ្មោះ LU WEI ភេទប្រុស ជនជាតិចិន ដាក់ចូលក្នុងរថយន្ត រួចជិះគេចចេញពីទីតាំងខាងលើ។ នេះយោងតាមគេហទំព័រហ្វេសប៊ុក អគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និង ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធាននាយកដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញដោយកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ ដោយមានការចូលរួមសហការពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង។

បន្ទាប់មកទៀត កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួន ២នាក់ ត្រង់ចំណុចនៅជិតវត្តជ្រលងម្លូរ ភូមិទួលកីសង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូល រាជធានីភ្នំពេញ យកមកសាកសួរ។ ក្រោយពីបានធ្វើការសាកសួរបឋម ជនសង្ស័ខាងលើបានឆ្លើយសារភាពថា បក្ខពួកដែលបានចូលរួមធ្វើសកម្មភាពករណី បង្ខាំងមនុស្ស និងជំរិតទារប្រាក់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចខាងលើគឺមានចំនួន ៨នាក់។

បច្ចុប្បន្នជនដៃដល់ទាំងពីរនាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

To Top