ព័ត៌មានជាតិ

សម្តេចតេជោ ឆ្លើយតបទៅនឹងលោក អឹម នី នៅខេត្តពោធិ៍សាត់ ក្រោយអះអាងថា «ធ្លាប់ជួយ សម្តេច នៅសម័យប៉ុលពត»

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា សម្ដេច ពុំធ្លាប់បានស្គាល់ លោក អឹម នី រស់នៅខេត្តពោធិ៍សាត់ឡើយ ហើយសម្ដេច មិនដែលភ្លេចគុណអ្នកណានោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបភ្លាមៗ ទៅកាន់បុរសម្នាក់ឈ្មោះ អឹម នី ក្រោយអះអាងថា «ខ្លួនធ្លាប់ស្គាល់ និងធ្លាប់បានជួយ សម្ដេច នៅសម័យប៉ុលពត»។

សារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន មានរយៈពេលជិត ៤នាទី នៅយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ បានឱ្យដឹងថា សម្ដេច ពុំមានប្រវត្តិផ្ទាល់ខ្លួនច្រើនឡើយ គឺមានតែមួយប៉ុណ្ណោះ ហើយប្រវត្តិនោះដែរ ក៏ត្រូវបានលើកយកមកផលិតជាខ្សែភាពយន្ដនោះ គឺរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំសូមផ្ញើជូនចំពោះលោក អ៊ឹមនី អ្នកសារព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មាន ក៏ដូចជា បងប្អូនទាំងអស់ដែលបានចូលមើលតេឡេក្រាមនេះ។ តាមការរៀបរាប់របស់លោក អ៊ឹមនី ដែលខ្ញុំហៅថាប្អូន ឬក៏បង តែតាមមើលប្រហែលជាអាយុមិនច្រើនជាងខ្ញុំទេ ខ្ញុំសូមបញ្ជាក់ថាទី ១ ខ្ញុំគ្មានប្រវត្តិច្រើនទេ ខ្ញុំមានប្រវត្តិតែ ១គត់ គឺប្រវត្តិដែលបានថតជាខ្សែភាពតយន្ត រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី រួចមកហើយនេះគឺជាប្រវត្តិពិតរបស់ខ្ញុំ ហើយខ្ញុំក៏បានធ្វើបាឋកថាថ្ងៃមុនអស់រយៈពេល២ម៉ោង ខ្ញុំបាននិយាយច្រើនហើយ ហើយរឿងរបៀបនេះកើតឡើងមិនតិចជាង ៥០ដងទេ។

សម្ដេចតេជោ បន្ដថា «ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន អ្នកនេះអះអាងថាជួយខ្ញុំបែបនេះ ជួយខ្ញុំបែបនោះ មិនមែនជារឿងត្រឹមត្រូវទេ គ្មាននរណាជួយខ្ញុំទេ មានតែខ្ញុំជួយអ្នកដទៃ អាហ្នឹងខ្ញុំសូមបញ្ជាក់»។

សម្ដេចតេជោ បន្ថែមថា «ខ្ញុំមិនដឹងថា ខ្ញុំរកពាក្យពេជន៍បែបមិច សារព័ត៌មានយកមកចុះផ្សាយបែបនេះ ហើយខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដែលើភ្លេចគុណនរណាទេ ក៏ប៉ុន្តែសូមឱ្យអ្នកដទៃគោរពគោលការណ៍ និយាយត្រង់ និយាយពិត ព្រោះមិនអាចយកភាពលកាឡៃ ហើយរឿងដែលមិនដែលស្គាល់គ្នាប្អូនប្រុសនៅខេត្តពោធិ៍សាត់ ហើយខេត្តពោធិ៍សាត់ ពេលនោះនៅភូមិភាគពាយព្យនៅឆ្ងាយណាស់ ជាមួយជ្រុងម្ខាងនៃភូមិភាគបូព៌ាទិស ដែលនៅស្រុកមេមត់ ឯណោះអីចឹងវាទៅមិនរួច ទៅមិនរួច»៕

To Top