ព័ត៌មានជាតិ

ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន សរសើរ អ្នកបន្តវេននៃថ្នាក់ដឹកនាំជំនាន់ក្រោយរបស់កម្ពុជា ដែលបានដើរតាមមាគ៌ា របស់សម្ដេចតេជោ

ភ្នំពេញ៖ លោក វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ​បានសម្ដែងនូវការកោតសរសើរ ចំពោះការបន្តវេននៃថ្នាក់ដឹកនាំជំនាន់ក្រោយរបស់កម្ពុជា ដែលបានដើរតាមមាគ៌ា របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោក Wang Huning បានកោតសរសើរសម្តេចតេជោ ដែលបានរួមវិភាគទានយ៉ាងច្រើនលើសលុប ដល់ការអភិវឌ្ឍនូវទំនាក់ទំនងកម្ពុជា-ចិន។ លោកលើកឡើងថា សម្តេចតេជោ ជាមិត្តល្អរបស់ប្រទេសចិន និងប្រជាជនចិន។

លោក បានកោតសរសើរ ចំពោះការបន្តវេននៃថ្នាក់ដឹកនាំជំនាន់ក្រោយរបស់កម្ពុជា ដែលបានដើរតាមមាគ៌ា របស់សម្ដេចតេជោ ហើយបញ្ជាក់ថាចិន ​បន្តគាំទ្រនូវគោលនយោបាយរបស់កម្ពុជា ជាបន្តទៀតផងដែរ។ លោកបានសន្យាថាប្រទេសចិន នឹងផ្សព្វផ្សាយពីប្រពៃណីដ៏ល្អរបស់កម្ពុជា និងជំរុញទេសចរចិន មកកម្ពុជាបន្ថែមទៀត។

លោក Wang Huning ក៏បានលើកឡើងផងដែរ អំពីគំនិតបន្ស៊ីគ្នានៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ចិន និងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ដើម្បីពន្លឿនការសម្រេច រចនាសម្ព័ន្ធសំខាន់ៗ រួមមានច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ និងការអភិវឌ្ឍកសិកម្មទំនើបជាដើម និង ការកសាងច្រករបៀងគម្រូថ្មី នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

To Top