ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា សេរីភាពសារព័ត៌មាន ត្រូវបានធានានិងការពារដោយច្បាប់ សម្រាប់អ្នកកាសែត ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ។
លោក ជិន ម៉ាលីនអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានសរសេលើបណ្តាញសង្គម នៅថ្ងៃទី៣ ធ្នូ ឆ្នាំ២០២៤យ៉ាងដូច្នេះថា ៖
សេរីភាពសារព័ត៌មាន និង ការអនុវត្តច្បាប់ ! សេរីភាពសារព័ត៌មាន ត្រូវបានធានា និងការពារដោយច្បាប់ សម្រាប់អ្នកកាសែត ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ,
ផ្សាយពីព័ត៌មាន ពិតប្រាកដ ចំណែកឯការអនុវត្តច្បាប់ គឺ ធ្វើចំពោះអ្នកកាសែត ដែលមិនគោរពច្បាប់ និងបំពានលើសិទ្ធិអ្នកដទៃ។
លោកបានលើកឡើងថា ប្រសិនបើអ្នកកាសែត ដែលផ្សាយព័ត៌មានពិត និង អនុវត្តទៅតាមក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់សារព័ត៌មាន ហើយត្រូវបានចាប់ខ្លួន ឬចោទប្រកាន់ សូមទាក់ទងមកកាន់ក្រសួងយុត្តិធម៌ ដើម្បីធ្វើការត្រួតពិនិត្យ។
អ្នកនាំពកា្យបានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះទៀតថា គួរចងចាំថា ក្នុងសង្គមនីតិរដ្ឋ, ការអនុវត្តសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ គឺ មានព្រំដែននៅត្រឹមការប្រើសិទ្ធិរបស់បុគ្គលដទៃ។ រាល់សកម្មភាព ដោយរំលោភបំពាន តែងត្រូវឆ្លើយតបដោយការទទួលខុសត្រូវ ។ ការផ្សាយបរិហារកេរ្តិ៍ និង ជេរប្រមាថអ្នកដទៃ ពុំមែនជាការផ្សាយព័ត៌មានទេ។ ការផ្សាយព័ត៌មានក្លែងក្លាយ ក៏ពុំមែនជាការផ្សាយព័ត៌មានដែរ ។ ការផ្សាយ ឬគំរាមផ្សាយព័ត៌មាន ដើម្បីសំអុយកេរ្តិ៍ឈ្មោះបុគ្គលណាម្នាក់ ដោយភ្ជាប់នឹងលក្ខខណ្ឌជំរិត យកលាភសក្ការៈពីបុគ្គលនោះ ក៏ពុំមែនជាការផ្សាយ ព័ត៌មានដែរ ប៉ុន្តែ ជាអំពើខុសច្បាប់របស់កម្ពុជា ។
ជាមួយគ្នានោះដែរអ្នកនាំពាក្យ ក្រសួងយុត្តិធម៌បានលើកឡើងថា អ្នកកាសែត ពុំមានអភ័យឯកសសិទ្ធិទេ ដូចនេះ នៅពេលដែលអ្នកកាសែរធ្វើខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ប៉ុន្តែ អ្នកកាសែតមានអាវក្រោះការពារខ្លួនបាន គឺ នៅពេលផ្សាយព័ត៌មានពិត និង ផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងដោយគោរពតាមច្បាប់សារព័ត៌មាន។ ច្បាប់សារព័ត៌មាន មានហើយ ហើយបើអ្នកកាសែត មិនគោរពច្បាប់សារព័ត៌មាន តើបង្កើតច្បាប់ សារព័ត៌មានដើម្បីអនុវត្តទៅលើអ្នកណា? ទន្ទឹមនឹងនេះ ត្រូវរួមគ្នា ការពារអ្នកសារព័ត៌មាន ដែលអនុវត្តវិជ្ជាជីវៈបានត្រឹមត្រូវ តាមក្រមសីលធម៌វិជ្ជាជីវៈ និង ច្បាប់ជាធរមានរបស់កម្ពុជា ៕