ព័ត៌មានជាតិ

សម្តេចតេជោ ស្នើមិត្តចិន បន្តផ្តល់ជំនួយឥតសំណង កម្ចីឥណទាន មកកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើមិត្តចិនបន្តផ្តល់ជំនួយឥតសំណង កម្ចីឥណទាន ជំរុញការវិនិយោគ ដើម្បីជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជា។

នាឱកាសជំនួបកម្រិតខ្ពស់ជាមួយ លោក ស៊ី ជីន ពីង នៅផ្ទះភ្ញៀវរដ្ឋ Diaoyutai នៃរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ បានលើកឡើងផងដែរអំពីការពង្រឹងទំនាក់ទំនងជឿជាក់ និងទំនុកចិត្តខាងនយោបាយ ដោយបង្កើន ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងបក្ស និងបក្ស និងរវាងរដ្ឋទាំងពីរ។

សម្តេចតេជោ បានស្នើសុំមិត្តចិនបន្តផ្តល់ជំនួយឥតសំណង កម្ចីឥណទាន ជំរុញការវិនិយោគ ដែលមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍសេដកិច្ច-សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជាផងដែរ។

ជាកិច្ចឆ្លើយតប លោកប្រធានាធិបតី ស៊ី ជីនពីង បានឯកភាពចំពោះការវាយតម្លៃទំនាក់ទំនង កម្ពុជា-ចិន របស់សម្តេចតេជោ។ លោក ស៊ី ជីនពីង ក៏បានលើកឡើងថាប្រទេសចិន និងកម្ពុជា នឹងបន្តពង្រឹង ការគាំទ្រគ្នាទៅវិញទៅមក ក្នុងនាមជាមិត្តដែកថែប ដើម្បីការពារផលប្រយោជន៍ស្នូលនៃប្រទេសទាំងពីរ៕

To Top