ព័ត៌មានជាតិ

អូស្ត្រាលី សហការជាមួយកម្ពុជា រៀបចំសន្និសីទ និងពិព័រណ៌ទឹកស្អាតកម្ពុជា លើកទី៥ ដើម្បីលើកកម្ពស់ ការផ្គត់ផ្គង់ទឹកស្អាត ប្រកបដោយនិរន្តរភាព

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ភាគីពាក់ព័ន្ធ ក្នុងវិស័យទឹកស្អាត មកពីប្រទេសអូស្ត្រាលី និងកម្ពុជា បានជួបជុំគ្នា នៅក្នុង “សន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជាលើកទី៥” ក្រោមប្រធានបទ ៖ ទឹកសម្រាប់និរន្តរភាពអនាគត។ សន្និសីទនេះត្រូវបានរៀបចំឡើង ដើម្បីអបអរសមិទ្ធផល ក្នុងវិស័យទឹកស្អាតនៅកម្ពុជា និងស្វែងរកដំណោះស្រាយ នវានុវត្តន៍ សម្រាប់ការគ្រប់គ្រងវិស័យនេះ ប្រកបដោយនិរន្តរភាព ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើជាអធិបតីក្នុងពីធីបើកសន្និសីទ ដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់ រួមមានអ្នករៀបចំគោលនយោបាយ អ្នកជំនាញក្នុងវិស័យទឹកស្អាត ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាករទឹក ប្រតិបត្តិករទឹកស្អាតឯកជន និងប្រតិភូធុរកិច្ចមកពីប្រទេសអូស្ត្រាលី។

លោក ហែម វណ្ណឌី បានលើកឡើងថា «សន្និសីទនេះផ្តល់ជាវេទិកាដ៏សំខាន់មួយសម្រាប់ដោះស្រាយបញ្ហាប្រឈម, ជំរុញកិច្ចសហការ, និងស្វែងរកការគាំទ្រពីដៃគូអភិវឌ្ឍន៍និងភាគីពាក់ព័ន្ធ ក្នុងគោលដៅពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីទឹកស្អាត, ចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបៗ សម្រាប់ការអភិវឌ្ឍវិស័យ ទឹកស្អាតនៅកម្ពុជា»។

លោក Derek Yip បានលើកឡើងពីភាព ជាដៃគូរវាងអូស្ត្រាលី និងកម្ពុជា ដោយបញ្ជាក់ថា «អូស្ត្រាលីកំពុងសហការ ជាមួយកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយទឹកស្អាត ជំរុញនវានុវត្តន៍បច្ចេកវិទ្យា និងកសាងភាពធន់នឹងអាកាសធាតុ ។ ដោយប្រើប្រាស់បទពិសោធន៍របស់អូស្ត្រាលីក្នុងវិស័យទឹកស្អាត និងជោគជ័យ នៃកម្មវិធីរបស់យើងនៅកម្ពុជា យើងនឹងបន្តធ្វើការជាមួយកម្ពុជា សំដៅសម្រេច ឱ្យបាននូវការផ្តល់សេវាទឹកស្អាត ជាសកលនៅត្រឹមឆ្នាំ២០៣០។ ការគាំទ្ររបស់អូស្ត្រាលី ក្នុងការរៀបចំសន្និសីទ ទឹកស្អាតកម្ពុជាលើកទឹ៥នេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តបន្ត របស់យើងចំពោះគោលដៅរួមនេះ»។

លោកស្រី Corinne Cheeseman នាយកប្រតិបត្តិ នៃសមាគមទឹកអូស្ត្រាលី បានលើកឡើងថា សមាគមទឹកអូស្ត្រាលី និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា មានប្រវត្តិសហការដ៏ល្អ ដែលផ្តល់ជាផលវិជ្ជមាន សម្រាប់សមាជិក សមាគមរបស់យើង។ តាមរយៈភាពជាដៃគូ និងការប្តេជ្ញាចិត្តរួមគ្នាចំពោះអនាគតវិស័យទឹកស្អាតប្រកបដោយនិរន្តរភាព យើងនឹងបន្តជំរុញនវានុវត្តន៍ កិច្ចសហការ និងការកសាងសមត្ថភាព ដែលផ្តល់ឱកាសដើម្បីចែករំលែកជំនាញ និងបទពិសោធន៍នៅក្នុងវិស័យទាំងមូល។

លោក ឡេង ខៀវ ប្រធានសមាគម អ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានលើកឡើងថា ប្រតិបត្តិករទឹកស្អាតឯកជន មានតួនាទីសំខាន់ក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តដល់សហគមន៍ជនបទរបស់កម្ពុជា។ ប្រតិបត្តិករទាំងនេះត្រូវការការគាំទ្រ ផ្នែកបច្ចេកទេស និងហិរញ្ញប្បទានបន្ថែមទៀត ដើម្បីពង្រីកប្រតិបត្តិការ និងកែលម្អគុណភាព សេវារបស់ខ្លួន ។ សន្និសីទនេះគឺជាវេទិកាដ៏ល្អមួយ សម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានប្រតិបត្តិករទឹកស្អាតឯកជន ជាង ៤០០ ក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណ ផ្តល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋចំនួន ៨១,៥% នៃភូមិក្រោមដែនអាជ្ញាប័ណ្ណសរុប ១០.៦៧៩ ភូមិ។ ប្រតិបត្តិករទាំងអស់ បានចូលរួមផលិតប្រមាណ ៣៥% នៃទឹកស្អាត ដែលបានផលិតសរុបចំនួន ៤០លាន ទៅ ៥០លានម៉ែត្រគូបក្នុងមួយខែ៕

To Top