ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា លើកយកប្រធានបទ «ធ្វើដូចម្តេច ដើម្បីឱ្យអង្គភាព សុខាភិបាលនីមួយៗ ទទួលបានជោគជ័យ?» មកពិភាក្សា

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសចូលរួមសំណេះសំណាល និងធ្វើបទបាឋកថា ក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រម ក្រោមឱវាទក្រសួង តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៨៣៥នាក់ នាថ្ងៃ៣ ធ្នូ បានលើកយកប្រធានបទ «ធ្វើដូចម្តេច ដើម្បីឱ្យអង្គភាពសុខាភិបាលនីមួយៗ ទទួលបានជោគជ័យ?» មកពិភាក្សា។

ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាល ជាមួយមណ្ឌលសុខភាព ដែលនៅឆ្ងាយដាច់ស្រយាល និងបានសាកសួរពីការប្រើប្រាស់ចំណេះដឹង ពីវគ្គភាពជាអ្នកដឹកនាំនេះ នៅក្នុងការងារប្រចាំថ្ងៃរបស់ខ្លួន។

ជាកិច្ចបន្ត សាស្រ្តាចារ្យរដ្ឋមន្រ្តី ធ្វើបឋកថាលើប្រធានបទ “ការផ្តល់សេវាសុខាភិបាលដោយផ្តោតលើតម្រូវការប្រជាពលរដ្ឋ” ដោយបានបង្ហាញពីសារៈសំខាន់ និងភាពចាំបាច់របស់ស្ថាប័ន សុខាភិបាល ក្នុងការផ្តល់សេវាបែបនេះ ហើយក៏បានផ្តល់ នូវគន្លឹះចំនួន៦ សម្រាប់រៀបចំសេវាសុខាភិបាល ឲ្យកាន់តែឆ្លើយតបទៅនឹង តម្រូវការរបស់អតិថិជន និងក្រុមគ្រួសារ។

គន្លឹះទាំងនោះមាន៖ (១) រៀបចំសេវាឱ្យមានលក្ខណៈពិសេសសម្រាប់បុគ្គលនីមួយៗ (២) ផ្តល់សេវាដោយសុចរិត (៣) ផ្តល់សេវាឱ្យឆ្លើយតប ឬលើសពីការរំពឹងទុករបស់ប្រជាពលរដ្ឋ (៤) ផ្តល់ដំណោះស្រាយ ដល់អ្នកមានតំរូវការសេវា ឱ្យបានសមរម្យ និងទាន់ពេល (៥) បន្តរខិតខំកែរលំអរសេវាបន្ថែម និង (៦)ផ្តល់សេវាដោយក្តីករុណា។ ទន្ទឹមនឹងនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទាំងអស់ យកប្រធានបទ “ធ្វើដូចម្តេចដើម្បីឱ្យអង្គភាព សុខាភិបាលនីមួយៗ ទទួលបានជោគជ័យ?” ទៅធ្វើការប្រជុំពិភាក្សាបំផុសគំនិត និងដាក់ចេញជាសកម្មភាព ឲ្យបានគ្រប់អង្គភាព។

នៅក្នុងសប្តាហ៍នេះ មានការធ្វើបទបង្ហាញ ពីការដឹកនាំក្នុងការ កែលម្អហេដ្ឋារចនា សម្ព័ន្ធមូលដ្ឋានសុខាភិបាល ដែលធ្វើឡើងដោយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រៃវែង៕

To Top