ភ្នំពេញ ៖ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំបញ្ឈប់ ជាបន្ទាន់ នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា មានខ្លឹមសារពាក់ព័ន្ធ នឹងល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទ។
ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ទាប់ពីនាពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ បានសង្កេតឃើញថា បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ មួយចំនួន បានផលិតរូបភាព វីដេអូ និងមាតិកា ល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online)។
នៅក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត (Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួម ពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យសាធារណជនមាន ការភាន់ច្រឡំ ហើយបន្តចែកចាយរូបភាព វីដេអូ និងមាតិកាទាំងនោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
តាមរយៈសារាចរណែនាំ ៥ចំណុច របស់ក្រសួងមហាផ្ទៃ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ចេញផ្សាយ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា គូសបញ្ជាក់ថា «ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារ ពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទោះល្បែងស៊ីសង លេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី ។ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធ ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទទោះល្បែងស៊ីសងលេង ដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី»។
លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ដថា ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចាត់វិធានការតឹងរ៉ឹងតាមដែន សមត្ថកិច្ចរបស់ខ្លួនក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងការចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថែមថា រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹង អំពីផលប៉ះពាល់ នៃការលេងល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមទប់ស្កាត់ការ លេងល្បែងស៊ីសង ខុសច្បាប់ដែលជាផ្នែកមួយ នៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ រាជរដ្ឋាភិបាល ៕