ភ្នំពេញ ៖ ក្រសួងទេសចរណ៍ កាលថ្ងៃទី២ ធ្នូ បានឱ្យដឹងថា ដោយទទួលបាន ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ រួមសហការជាមួយនឹង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តកំពត គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា សភាពាណិជ្ជកម្មខេត្តកំពត ក្រសួង ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន នឹងរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ។
ពិធីបុណ្យសមុទ្រនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ព្រឹត្តិការណ៍ ដ៏អធិកអធមនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ជំរុញការលើកតម្លៃផលិតផល និងផ្សព្វផ្សាយ សក្តានុពល ទេសចរណ៍ ពិសេសការអបអរបេតិកភណ្ឌ និង អេកូទេសចរណ៍ និងនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ។ អមជាមួយគ្នានេះដែរ ដើម្បីញ៉ាំងឱ្យពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣នេះ ប្រព្រឹត្តទៅដោយសេចក្តីសោមនស្សរីករាយ ព្រមទាំងអធិកអធមផងនោះ គណៈកម្មការអន្តរក្រសួង គ្រោងរៀបចំសកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនផងដែរ៕