ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន បន្តបើកកិច្ចប្រជុំលើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២ ខណៈការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ក្នុងជំហានទី១ បានអនុវត្ត បញ្ចប់ទៅដោយជោគជ័យ កាលពីឆ្នាំ២០២៣។
កិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី១ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២ បានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធីបតីភាពលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ និងលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយចូលរួមពីលោក គូរីបាយ៉ាស៊ី តាកាណូរី លេខាទូតទី១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា, លោក ចៅ សុភៈភិបាល អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្លោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូននិង លោកស្រី មីអូរ៉ា យូស្ស៊ីកូ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា។
ក្នុងឱកាសនោះ ឯក ឃុនដឿន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឈានដល់កម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែល អនុញ្ញាតឱ្យប្រទេសទាំងពីរ ពង្រឹងកិច្ចសហការលើគ្រប់វិស័យដូចជា កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន វិស័យសេដ្ឋកិច្ច វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាល វិស័យសន្តិសុខ សុវត្ថិ ភាពសង្គម ដូចជាការការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ចាប់ពីជំហានទី១ រហូតដល់ ជំហានទី៤ ដែលជាជំនួយឥតសំណង ព្រមទាំងបានផ្តល់ការសិក្សា សមិទ្ធិលទ្ធភាពជំហានទី៥ ដែល ទើបនឹងបញ្ចប់ សេចក្តីព្រាងរបាយការណ៍ចុងក្រោយនាពេលថ្មីៗនេះ។
លោក ឯក ឃុនដឿន បន្តថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានអនុវត្ត គម្រោងអភិវឌ្ឍន៍សមត្ថភាព រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២ គឺជាគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដើម្បីគាំទ្រប្រតិបត្តិការបច្ចេកទេសដើម្បីជំរុញ ដល់ការរៀបចំនិងការប្រព្រឹត្តទៅ នៃការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយគម្រោងអភិវឌ្ឍន៍សមត្ថភាព លើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នេះ គឺបានអនុវត្ត ប្រកបដោយជោគជ័យជាផ្លែផ្កា កាលពីជំហានទី១ ដែលបានអនុវត្តកាលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។
ក្នុងឱកាសនោះដែរ លោក រស់ វណ្ណា បានលើកឡើងថា យើងដឹងហើយថា ក្រោយបញ្ចប់សង្រ្កាមប្រទេសកម្ពុជា បានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅផ្នែកលើដី ហើយការអភិវឌ្ឍនៅក្រោមដី ដូចជាប្រព័ន្ធលូ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ យើងបានកំពុងអភិវឌ្ឍន៍ ប៉ុន្តែអ្វីដែលជាបញ្ហា គឺធនធានមនុស្ស ក្នុងការគ្រប់គ្រង នៅមានកំរិត ដែលទៀមទាអោយមានការបណ្តុះបណ្តាល ពិសេសគឺការពង្រឹងសមត្ថភាព លើការគ្រប់គ្រងប្រព័ន្ធអនាម័យ អោយត្រូវតាមលក្ខណបច្ចេកទេស ។
សូមរំលឹកថាក្រោមជំនួយឥតសំណង “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូ ក្នុងរាជធានីភ្នំពេញ” គាំទ្រដោយ JICA បានជួយកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីចុងឆ្នាំ២០២៣កន្លងទៅ ដែលមានសមត្ថភាពសម្អាតទឹកកខ្វក់ ៥០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងចំណាយទឹកប្រាក់ប្រមាណ ២៥លានដុល្លារសហរដ្ឋអាមេរិក៕