ព័ត៌មានជាតិ

បណ្តាមេដឹកនាំ​ ទទួលបន្ទុកបរិស្ថាន នៃប្រទេសអនុតំបន់មេគង្គ ជួបពិភាក្សានៅខេត្តសៀមរាប ជំរុញចក្ខុវិស័យអំពីតំបន់ស្អាត និរន្តរភាព ភាពធន់ និងគ្មានអ័ព្ទឆ្លងដែន

ភ្នំពេញ ៖ កិច្ចប្រជុំ នៃគណៈកម្មាធិការតម្រង់ទិស ថ្នាក់រដ្ឋមន្រ្តីអនុតំបន់មេគង្គ នៃកិច្ចព្រមព្រៀងអាស៊ានស្តីពី ការបំពុលផ្សែងអ័ព្ទឆ្លងដែន (MEKONG SUMREGION) លើកទី១៣ និងកិច្ចប្រជុំក្រុមការងារបច្ចេកទេស អនុតំបន់មេគង្គ នៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន លើកទី១៩ បានរៀបចំឡើង នៅសៀមរាប ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមអធិបតីភាព លោក សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួម ពីគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលឯកទេសឧតុនិយមអាស៊ាន (ASMC)។

នៅក្នុងពិធីបើកកិច្ចប្រជុំ នៅថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០២៤ លោក យន់ លីណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងស្វគមន៍គណៈប្រតិភូ និងបានចាត់ទុកថា កិច្ចប្រជុំដ៏មានសារៈសំខាន់ នៅលើទឹកដីខេត្តសៀមរាប នឹងយកចិត្តទុកដាក់ពិភាក្សា ពង្រឹងកិច្ចសហប្រតិបត្តិការ និងការដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យបរិស្ថាន ក្នុងតំបន់ឱ្យកាន់តែមានប្រសិទ្ធភាព ។

ក្នុងឱកាសនោះ លោក សាន វណ្ណទី មានប្រសាសន៍កិច្ចប្រជុំនាថ្ងៃនេះ នឹងផ្តល់មូលដ្ឋានគ្រឹះនៃការប្តេជ្ញាចិត្តរួម សម្រាប់និរន្តរភាពបរិស្ថាន។ លោករដ្ឋលេខាធិកាប្រចាំការ បានថ្លែងថា អនុតំបន់ទន្លេមេគង្គ ដែលល្បីល្បាញខាងជីវចម្រុះ និងភាពសម្បូរបែប នៃប្រព័ន្ធអេកូឡូស៊ី ដែលបានទ្រទ្រង់ជីវភាពរស់នៅ របស់ប្រជាជនរាប់លាននាក់ ។ ទោះជាយ៉ាងណាក៏ដោយ ធនធានដ៏មានតម្លៃទាំងនេះ ប្រឈមនឹងការគំរាមកំហែង កាន់តែខ្លាំងឡើង ដូចជាភ្លើងឆេះព្រៃ ការបំពុលផ្សែងអ័ព្ទឆ្លងដែន និងផលប៉ះពាល់ធ្ងន់ធ្ងរ កាន់តែខ្លាំងឡើង នៃការប្រែប្រួលអាកាសធាតុ ។ បញ្ហាប្រឈមទាំងនេះធ្វើឱ្យប៉ះពាល់ ដល់សុខភាពសាធារណៈ រំខានដល់សកម្មភាពសេដ្ឋកិច្ច និង ដាក់សម្ពាធយ៉ាងខ្លាំងលើបរិស្ថាន។

លោក សាន វណ្ណទី បានលើកឡើងថា ការបំពុលឆ្លងដែន ទាមទារ ឱ្យមានកិច្ចសហការឆ្លងកាត់ព្រំដែន ហើយ កិច្ចប្រជុំនេះផ្តល់នូវវេទិកាដ៏សំខាន់មួយ ដើម្បីតម្រង់ទិសសម្រាបផែនការ យុទ្ធសាស្ត្រជាតិ និងតំបន់ ស្របជាមួយនឹងគោលការណ៍ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង អាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន ។ ជាមួយគ្នានេះ ឯកឧត្តម បានជំរុញបន្ថែមឱ្យបណ្តា ប្រទេសចូលរួមទាំងអស់ត្រូវរួមគ្នា ជំរុញដំណោះស្រាយ ដែលអាចអនុវត្តបាន ដើម្បីការពារសុខភាព របស់ប្រជាពលរដ្ឋ ភាពរស់រវើកនៃសេដ្ឋកិច្ចរបស់យើង និងភាពធន់ នៃប្រព័ន្ធអេកូឡូស៊ីរបស់យើង ។

សូមបញ្ជាក់ថា កន្លងមក ដើម្បីដោះស្រាយការបំពុលផ្សែងអ័ព្ទឆ្លងដែន និងបញ្ហាប្រឈមដែលពាក់ព័ន្ធ កម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងនិរន្តរភាពបរិស្ថាន និងសកម្មភាពអាកាសធាតុ ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការ ដោះស្រាយបញ្ហាបំពុលអ័ព្ទឆ្លងដែន និងបញ្ហាប្រឈមបរិស្ថានកាន់តែទូលំទូលាយ។

ក្រសួងបរិស្ថាន បានដាក់ចេញ យុទ្ធនាការ Blue Skies & Net Zero 2050៖ ស្របតាមការរួមចំណែកដែលបានកំណត់ដោយជាតិរបស់យើង (NDCs) និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតកាបូន (LTS4CN) យុទ្ធនាការនេះប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ដើម្បីសម្រេចបានការបំភាយឧស្ម័នសុទ្ធត្រឹមឆ្នាំ ២០៥០។ លើសពីនេះ ក្រសួអបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រា ដោះស្រាយការបំពុលប្លាស្ទិក តាមរយៈគំនិតផ្តួចផ្តើមដូចជាយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក” និង “កម្ពុជាស្អាត ខ្មែរអាចធ្វើបាន” យើងបានចូលរួមជាមួយប្រជាពលរដ្ឋជាង ៩,៧ លាននាក់ ដើម្បីកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក និងទទួលយកជម្រើសប្រកបដោយនិរន្តរភាព៕

To Top