ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជនមានពិការភាព កម្ពុជាលើកទី ២៦ និងទិវាជនមានពិការភាព អន្តរជាតិលើកទី ៤២

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ នេះបានប្រារព្ធទិវាជនមានពិការភាព កម្ពុជាលើកទី ២៦ និងទិវាជនមានពិការភាពអន្តរជាតិលើកទី ៤២ (៣ ធ្នូ) ដែលពិធីនេះធ្វើឡើង នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។

ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៅកាន់អង្គពិធីថា ការប្រារព្ធទិវានេះធ្វើឡើងក្នុង ១ឆ្នាំម្តង ក្នុងគោលបំណង បង្ហាញអំពីការយកចិត្តទុកដាក់ នូវសុខទុក្ខរបស់បងប្អូនមានពិការភាព ពីសំណាក់រាជរដ្ឋាភិបាល ពោលគឺ ថ្នាក់ដឹកនាំចង់ដឹងអំពីស្ថានភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន និងស្វែងយល់ អំពីបងប្អូនមានពីការវិភាព អាចមានសមត្ថភាពធ្វើការងារអ្វីបានខ្លះ ដើម្បីថ្នាក់ដឹកនាំ អង្គការ ស្ថាប័ននានា សម្រេចចូលរួមទាំងអស់គ្នា ធ្វើការដោះស្រាយ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ទិវានេះ មានសារៈសំខាន់ណាស់ ដោយអង្គពិធី ចូលរួមដោយអាជ្ញាធរពាក់ព័ន្ធ និងអង្គការ ស្ថាប័នជាដៃគូនានា ចូលរួមស្ដាប់ទាំងអស់គ្នា និងចូលរួមដោះស្រាយបញ្ហាទាំងអស់គ្នា សំដៅការផ្លាស់ប្ដូរ ស្ថានភាពនៅរបស់បងប្អូនមានពិការភាពឲ្យកាន់តែប្រសើរឡើងថែមទៀត ។ ទន្ទឹមនឹងនេះ ក៏មានការចូលរួម ការគៀងគរ ពីគ្រប់តួអង្គសំខាន់ៗទាំងអស់ ដើម្បីធ្វើយ៉ាងណាគាំពារ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ជនពិការ និងលើកទឹកចិត្តពង្រឹងដល់ប្អូនៗ ឲ្យចេះជួយខ្លួនឯង ដើម្បីមានសមត្ថភាព ចូលបម្រើការងា នៅតាម ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍នានា ដើម្បីកសាងភាពធន់ ដែលបងប្អូនអាចទប់ទល់បាន នូវបញ្ហាខ្លះៗ ដោយខ្លួនឯងផងដែរ ៕

To Top