កំពង់ស្ពឺ ៖ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រៀបចំពិធីសំណេះសំណាល និងជូនដំណើរ យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ដារពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជុំសែន រីករាយ) ចំនួន៤០នាក់ នៅព្រឹកថ្ងៃទី៤ខែធ្នូឆ្នាំ២០២៤ ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និង លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ និងមេបញ្ជាការរង នាយទាហាន នាយទាហានរង ព្រមទាំងអាណាព្យាបាល ទាំងអស់បានចូលរួម ។
លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសាន៍លើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តមានមោទនៈភាពក្រៃលែង ដែលកូនក្មួយជាកងកម្លាំងបន្តវេន ដែលបានប្រឡងជាប់ជាស្ថាពរទៅតាមសមត្ថភាព ហើយត្រូវបានបញ្ជូនទៅហ្វឹកហ្វឺន នៅសាលា ដូច្នេះកូនក្មួយត្រូវយកអស់កម្លាំង កាយចិត្តហ្វឹកហាត់លត់ដំឲ្យបានដាច់ខាតទាំងទ្រីស្តី និងអនុវត្តផ្ទាល់ ដើម្បីបានក្លាយខ្លួនទៅជាអ្នកបន្តវេនដ៏មុត ស្រួចបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ។
ក្រោយពីហ្វឹកហាត់ចប់ទើបក្មួយៗក្លាយខ្លួន ជាកម្លាំងកងរាជអាវុធហត្ថ ត្រូវមកបម្រើការក្នុងមូលដ្ឋាន ខេត្តកំពង់ស្ពឺវិញ ហើយភារកិច្ចបន្ទាប់គឺមានឆន្ទៈស្មោះត្រង់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសត្រូវការពារសន្តិសុខ សុវត្តិភាពក្នុងមូលដ្ឋានឲ្យបានប្រកបដោយភាពស្មោះត្រង់ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាព របស់រាជរដ្ឋាភិបាល ។
លោក បានបញ្ជាក់ថា ក្មួយៗដើម្បីបានក្លាយខ្លួន ជានាយទាហានបន្តវេន ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសដ៏ត្រឹមត្រូវតាមសមត្ថភាព ហើយបន្តចូលហ្វឹកហ្វឺនរហូតបញ្ចប់វគ្គ បើគ្មានការតស៊ូទេពិត ជាមិនអាចបន្តវេនបានឡើយ ៕
ដោយ:សុខ សុភ័ណ្ឌ រូបថតបញ្ជាការដ្ឋាន