ព័ត៌មានជាតិ

នគរបាលជាតិ ទុកពេលកំណត់ត្រឹមថ្ងៃទី១០ ធ្នូ ដើម្បីឲ្យអ្នកប្រើបណ្តាញសង្គម និងបុគ្គលមានប្រជាប្រិយ លុបចោលព័ត៌មានល្បែងអនឡាញ ពីបណ្តាញសង្គម

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទុករយៈពេលកំណត់ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកាសង្គម ក៏ដូចជា បុគ្គលមានប្រជាប្រិយមួយចំនួន ធ្វើការលុបចោលព័ត៌មានល្បែងអនឡាញពីបណ្តាញសង្គម បើមិនដូច្នោះនឹងចាត់វិធានការតាមផ្លូវ។

ផ្អែកតាមសារាចរណែនាំ របស់ក្រសួងមហាផ្ទៃ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការជូនដំណឹងដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកាសង្គម ក៏ដូចជាបុគ្គលមានប្រជាប្រិយមួយចំនួន បញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើការទុករយៈពេលកំណត់ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងឡាយ ធ្វើការលុបចោលព័ត៌មានល្បែងអនឡាញពីបណ្តាញសង្គម។ ក្នុងករណី ចំពោះបុគ្គលណាដែលនៅបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចក្នុងសារាចរណែនាំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមផ្លូវ។

សូមរំលឹកថា ក្រសួងមហាផ្ទៃ សង្កេតឃើញថា បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផលិតរូបភាព វីដេអូ និងមាតិកាល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញប្រជាពលរដ្ឋឲ្យ ចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online)។

ក្រសួងសង្កេតឃើញផងដែរថា ក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត (Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ ហើយបន្តចែកចាយរូបភាព វីដេអូ និងមាតិកាទាំងនោះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕

ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាព ខុសច្បាប់ដូចបានណែនាំ ៕

To Top