ព័ត៌មានជាតិ

អបអរសាទរដល់នាយនាវីកម្ពុជា ! លោកអនុនាវីត្រី ទៀ សុធីរដ្ឋា បញ្ចប់វគ្គហ្វឹកហ្វឺន នាយនាវីប្រយុទ្ធ លើលម្ហសមុទ្រ ពីប្រទេសអូស្រ្តាលី

ភ្នំពេញ ៖ ក្រុមនាយទាហាន កងយោធពលខេមរភូមិន្ទ បញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធា អូស្រ្តាលី (RARA) ផ្ញើសារចូលរួមអបអរសាទរដល់សិស្សប្អូន គឺលោកអនុនាវីត្រី ទៀ សុធីរដ្ឋា សិក្ខាកាមនាយនាវីកងទ័ពជើងទឹកកម្ពុជា ដែលបានបញ្ចប់ការសិក្សា វគ្គនាយនាវីប្រយុទ្ធលើលម្ហសមុទ្រ (Maritime Warfare Officer Course) ព្រមទាំងការអនុវត្តផ្ទាល់ លើនាវានៅមូលដ្ឋានទ័ពជើងទឹក HMAS Waston នាទីក្រុងស៊ីដនី រដ្ឋញ៉ូវសោដវ៉ែល ប្រទេសអូស្ត្រាលី ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា RCAF ADFA & RMC-D Alumni បណ្ឌិត្យសភាយោធាអូស្រ្តាលី នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងបន្ថែមថា
វគ្គនាយនាវីប្រយុទ្ធលើលម្ហសមុទ្រ នៃកងនាវាចរណ៍ភូមិន្ទអូស្រ្តាលី មានរយៈពេល ៦ខែ ដែលក្នុងនោះលោកអនុនាវីត្រី ទៀ សុធីរដ្ឋា ជានាយនាវីអន្តរជាតិតែម្នាក់គត់ ក្នុងចំណោមនាយនាវីសរុប៣២នាក់ នៃវគ្គនាយនាវីប្រយុទ្ធលើលម្ហសមុទ្រ ជំនាន់ទី១៦ ។

ក្រុមនាយទាហាន កងយោធពលខេមរភូមិន្ទ បញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី សូមចូលរួមអបអរសាទរ និងជូនពរសិស្សប្អូន គឺលោកអនុនាវីត្រី ទៀ សុធីរដ្ឋា សូមលោកទទួល បាននូវសុខភាពល្អ និងជោគជ័យក្នុងពេលចូលបំពេញកិច្ចការងារ នាពេលខាងមុខនេះ៕

To Top