ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជើញបដិសណ្ឋារកិច្ចផ្លូវការ ទទួលស្វាគមន៍លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញបដិសណ្ឋារកិច្ចផ្លូវការ ទទួលស្វាគមន៍លោកបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព ក្នុងដំណើរបំពេញទស្សនកិច្ច​ របស់លោកនាយករដ្ឋមន្ត្រីឡាវនៅកម្ពុជា រយៈពេល២ថ្ងៃ ។

សូមរំលឹកថា លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោកស្រី វណ្ណដាឡា ស៊ីផាន់ដន បានធ្វើដំណើរមកដល់កម្ពុជា នៅព្រឹកថ្ងៃ៤ធ្នូនេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ (៤-៥ធ្នូ)​ នៅកម្ពុជា។

សូមបញ្ជាក់ថា ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីឡាវ នឹងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងមានជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងមានជំនួបដាច់ដោយឡែក ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ក្នុងជំនួបជាមួយ សម្តេចធិបតីថ្នាក់ដឹកនាំទាំង២ នឹងពិភាក្សាយ៉ាងស៊ីជម្រៅបន្ថែមទៀត​ លើការពង្រឹងទំនាក់ទំនង និងកិច្ចសហការ៕

To Top