ភ្នំពេញ៖ លោក ចាវ ឡឺជី (ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ការប្រាស័យទាក់ទង និងការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ រវាងកម្ពុជា-ចិន គឺដូចជាគ្រួសារតែមួយ និងជាមិត្តភាព ដែលមិនអាចបំបែកបំបាក់បានឡើយ។
ក្នុងជំនួបពិភាក្សា ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ លោក ចាវ ឡឺជី (ZHAO Leji) បានបញ្ជាក់ថា លោកបានស្តាប់មតិរបស់សម្តេច ដោយយកចិត្តទុកដាក់យ៉ាងហ្មតចត់ និងឯកភាពទាំស្រុងចំពោះការលើកឡើងរបស់សម្តេចតេជោ ពាក់ព័ន្ធទំនាក់ទំនងកម្ពុជា-ចិន។
លោកបានបន្ថែមថា សម្តេចតេជោ បានផ្តល់យុត្តិធម៌ ចំពោះការការពារផលប្រយោជន៍ស្នូល កម្ពុជា-ចិន ដែលបានកសាងមូលដ្ឋានទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ប្រទេសចិន គាំទ្រគណបក្សប្រជាជនកម្ពុចជា ឱ្យកាន់អំណាចរយៈពេលវែង។ លោកបានលើកឡើងពីការបន្ស៊ីគ្នារវាង គំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវាត់ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និង ការសម្រេចកសាងច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម ច្រករបៀងមច្ឆា និងអង្ករ ដោយចិននឹងបញ្ជូនក្រុមហ៊ុនជាច្រើនមកកម្ពុជា ជាពិសេស នៅក្នុងវិស័យនៃការអភិវឌ្ឍបៃតង បច្ចេកវិទ្យាឌីជីថល។
លោកបានលើកឡើងថា ចិននិងកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការស៊ីវិល និងក្នុងវិស័យទេសចរណ៍ ដោយជំរុញឱ្យយុវជនវ័យក្មេង និង ប្រជាជនទាំងពីរស្គាល់គ្នា ការបង្ក្រាបបទល្មើស និងឧក្រិដ្ឋកម្មអនឡាន ការផ្សព្វ ផ្សាយព័ត៌មានអវិជ្ជមាននៃទំនាក់ទំនងរវាងប្រទេសប្រទេសយើងទាំងពីរ។
លោក បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រធានាធិបតី Xi Jinping និងសម្តេច ប្រទេសចិននិងកម្ពុជា បានបន្តអនុវត្តនៅកិច្ចព្រមព្រៀងនៃការកសាងសហគមន៍ជោគវាសនារួម ដែលមានគុណភាព ខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ក្នុងយុគសម័យថ្មី ហើយទន្ទឹមនេះក៏រួមចំណែកផងដែរដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
លោកបានបន្តថា ទស្សនកិច្ចមិត្តភាព និងជាផ្លូវការរបស់សម្តេច ជាពិសេសជំនួបកំពូលរបស់សម្តេច ជាមួយប្រធានាធិបតី Xi Jinping និងជំនួបនាពេលព្រឹកនេះ នឹងអនុញ្ញាតឱ្យបញ្ជូលកម្លាំងថ្មី ដើម្បីអនុវត្តគំនិតថ្មី និង ផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមឱ្យកាន់តែមានល្បឿនលឿនថែមទៀត៕