ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ការដាក់ក្រមាខ្មែរ ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ គឺជាសមិទ្ធផលសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងនាមជាគណបក្សប្រជាជនកម្ពុជា និងក្នុងនាមព្រឹទ្ធសភាកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរសាទរចំពោះក្រមាខ្មែរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) នាថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌ អរូបីរបស់អង្គការយូណេស្កូ ដែលបានអនុម័តជាឯកច្ឆន្ទតាមរយៈសេចក្ដីសម្រេច19.COM 7.b.27»។
សម្ដេចតេជោ បន្ដថា «ការចុះបញ្ជីនេះគឺជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ដែលបានសម្រេចនូវសមិទ្ធផលសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។ នេះគឺជាការផ្តល់នូវតម្លៃចំពោះកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងការថែរក្សា ការពារ និងលើកតម្កើង គុណតម្លៃ «ក្រមា» ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ»។
ក្នុងឱកាសដ៏មហាប្រសើរនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវអំណរព្រះគុណ ដ៏ជ្រាលជ្រៅវិសេសវិសាលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់តែងប្រោសព្រះរាជទាននូវការគាំទ្រជានិច្ចកាល ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងវិស័យបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបីដែលងាយប្រឈមនឹងការបាត់បង់។
សម្ដេចតេជោ ក៏បានសម្តែងនូវការកោតសរសើរចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយនឹងស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញជាតិ-អន្តរជាតិ នូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារ និងលើកតម្កើង គុណតម្លៃ «ក្រមា» ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ៕