ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ប្រកាសទទួលស្គាល់ខេត្តតាកែវ ទទួលបានជ័យលាភី បញ្ចប់ការបន្ទោបង់ពាស វាលពាសកាល (ODF)

ខេត្តតាកែវ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពីធីប្រកាស ទទួលស្គាល់ខេត្តតាកែវ ទទួលបានជ័យលាភី បញ្ចប់ការបន្ទោបង់ពាស វាលពាសកាល (ODF) ដែលមានសមាសភាព អញ្ជើញចូលរួម សរុបប្រមាណ ១ ៤១៦នាក់។

យោងតាមរបាយការណ៍ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបង្ហាញថា ក្នុងខេត្តតាកែវមានគ្រួសារ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទកម្រិតមូលដ្ឋានមានចំនួន ២១០ ១២១គ្រួសារ ស្មើនឹង ៩៤,៨៥% និង ខ្នងផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់ ១០០% ក្នុងនោះខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនចំនួន ២០៩ ៣០៨ខ្នងផ្ទះ ស្មើនឹង ៩៤,៤៩% និងប្រើប្រាស់បង្គន់ រួមចំនួន ១២ ២០០ខ្នងផ្ទះ ស្មើនឹង ៥,៥១% ជាពិសេសខ្នងផ្ទះ ដែលមានកន្លែងលាងដៃ នឹងសាប៊ូស្មើនឹង ១០០% និងខ្នងផ្ទះទុកដាក់ទឹក សម្រាប់ផឹកមានសុវត្ថិភាពស្មើនឹង ១០០%។

បន្ទាប់ពីស្តាប់នូវមតិស្វាគមន៍និង របាយការណ៍សមិទ្ធផល របស់លោកអភិបាលខេត្តតាកែវ និងរបាយការណ៍បញ្ជាក់ ពីការបន្តគាំទ្រ និងសហការជួយចូលរួម ជំរុញការងារអនាម័យ ជនបទរបស់អង្គការផ្លេនអន្តរជាតិ ក្នុងឱកាសដ៏ មហានក្ខត្តឫក្សនោះ លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តតាកែវសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ជាពិសេសការកែ លម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ ការផ្តល់សេវាទឹកស្អាត និង អនាម័យ ជាក់ស្ដែងការសម្រេចនូវការ បញ្ចប់បន្ទោបង់ពាស វាលពាសកាលនៅទូទាំងខេត្ត នាពេលនេះ។

លោករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា អង្គពិធីដ៏អធិកអធមនេះ អាចប្រព្រឹត្តទៅបានដោយសារគុណនៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញនៅទូទាំងប្រទេស។

លោករដ្ឋមន្រ្ដី បានបន្តលើកឡើងថា បច្ចុប្បន្នក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។

សូមជម្រាបជូនផងដែរថា នៅត្រឹមពេលនេះ មានខេត្តចំនួន ១៣ ហើយ ដែលសម្រេច បានការបញ្ចប់ការ បន្ទោបង់ពាស វាលពាស កាលរួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ រាធានីភ្នំពេញ (ODF Plus) និងខេត្តតាកែវ ជាខេត្តទី១៣ ដែលប្រារព្ធពិធីនាឱកាសនេះ ហើយក្រសួងនឹង ធ្វើពិធីប្រកាសខេត្ត ODF ចំនួន ១ខេត្តទៀត គឺខេត្តស្ទឹងត្រែង នៅពាក់កណ្តាលខែធ្នូនេះ ដែលនឹងធ្វើឱ្យ ចំនួនរាជធានី ខេត្ត ODF កើតឡើងដល់ ១៤ ក្នុងចំណោមរាជធានី ខេត្ត ទាំង ២៥ នៅកម្ពុជា៕

To Top